ឧទ្យានជាតិព្រះមុន្នីវង្ស - បូកគោ លាតសន្ធឹងនៅលើផ្ទៃដីធំទូលាយជិតមួយលានហិកតា ហើយ ជារឿយៗជួរភ្នំដ៏ធំហើយខ្ពស់នេះបានបាំងបិទដោយពពកព័ទ្ធជុំវិញស្ទើរទាំងស្រុង
នៅលើខ្នងភ្នំនៃឧទ្យានជាតិនេះមានទឹកជ្រោះដែលមានឈ្មោះថា «ទឹកជ្រោះពពកវិល» តំបន់នេះមានទេសភាពស្រស់ស្អាត ដែលមានទឹកហូរធ្លាក់លាយឡំបាចសាចចម្រុះគ្នាទាំងទឹកជ្រោះទឹកភ្លៀង និងអ័ព្ទពពកដែលធ្វើឱ្យបរិយាកាសនៅបរិវេណនោះចុះត្រជាក់ខ្លាំង និងបង្កើតបានជាទស្សនីយភាពអ័ព្ទព្រិលថ្មីមួយដូចនៅលើឋានសួគ៌។ នៅលើឧទ្យាននេះផងដែរមានបឹងទឹកសាបដ៏ធំមួយព័ទ្ធជុំវិញទៅដោយដើមឈើចម្រុះប្រភេទជាច្រើន និងមានវត្តមានត្រីជាច្រើនប្រភេទនៅក្នុងបឹងនោះ ហើយនៅឆ្ងាយពីបឹងនេះបន្ដិចក៏មានវាលខ្ពង់រាបស្មើបង្គួរពោរពេញទៅដោយដុំថ្មធម្មជាតិតូចធំដុះរកេត រកូត ត្រួតលើគ្នានៅពេញបរិវេណវាលនោះគេហៅទីនេះថា «វាលស្រែមួយរយ» ហើយហួសពីតំបន់នេះនឹងមានតំបន់ ដែលមានទំហំធំ ល្វឹងល្វើយនោះគឺតំបន់ «វាលស្រែប្រាំរយ» ដែលនឹងសង្កេតឃើញមានធម្មជាតិស្រស់ប្លែកៗ ស្ថិតក្នុង ស្រទាប់ពពកនៃឧទ្យានជាតិនេះ។
នៅក្នុងបរិវេណនៃតំបន់វាលស្រែមួយរយ វាលស្រែប្រាំរយនេះ គេ សង្កេតឃើញមានរុក្ខជាតិផ្កាម្យ៉ាងឈ្មោះ «ផ្កាបំពង់ក្រឡោម» ដែលឃើញមានដុះតែនៅតំបន់ឧទ្យានជាតិនេះមួយទេ ហើយនៅក្នុងតំបន់ឧទ្យានជាតិនេះផងដែរ ក៏មានវត្តមានសត្វស្លាបជាច្រើនប្រភេទ រួមទាំង ពពួកសត្វកេងកង ជាប្រភេទសត្វស្លាបតំណាងសត្វស្លាបព្រៃភ្នំតំបន់អាស៊ីដែលមានរហូតដល់ ៣ប្រភេទ (កេងកងធំ ខ្លាំង និងកេងកងតូច) រស់នៅយ៉ាងច្រើននៅលើឧទ្យានជាតិនេះ៕ប្រភព៖
សៀវភៅកម្ពុជាមាតុភូមិខ្ញុំ
សៀវភៅកម្ពុជាមាតុភូមិខ្ញុំ