ការដាំស្លឹកគ្រៃ
បណ្ដុះគ្រាប់ល្មើ
#បណ្ដុះគ្រាប់ល្មើ ✍️☺️😘
លើ្មគឺជាដំណាំសេដ្ឋកិច្ចដ៏មានសក្តារនុពលខ្លាំង។ ការដាំល្មើវាមិនលំបាកអ្វីឡើយ ប៉ុន្តែ អ្នកដាំមិនដឹងនិងមិនយល់អំពីបច្ចេកទេសនៃការដាំដុះវាតែប៉ុណ្ណោះ។ ចំណុចសំខាន់គឺ ការជ្រើសរើសពូជ ការជ្រើសរើសដី ការបណ្តុះគ្រាប់ ការផ្សាំកូន ការដាំក្នុងរណ្តៅ ការថែទាំ ការផ្សំលំអងកេសរ និង ការប្រមូលផល។
ចំណុចផ្សេងៗខ្ញុំសុំមិនទាន់និយាយឡើយ គឺនិយាយត្រឹមការបណ្តុះគ្រាប់។ ជាទូទៅ បងប្អូនកសិករមិនទាន់ចេះបណ្តះគ្រាប់ល្មើនៅឡើយ។ ភាគច្រើនគឺបណ្តុះមិនដុះ ហើយបរាជ័យនៅត្រង់នេះ ក៏ទៅទិញកូនដែលគេបណ្តុះស្រាប់មកពីគេ គឺកូនល្មើវាមានតម្លៃថ្លៃណាស់។
សន្មត់ថា បងប្អូនមានគ្រាប់ពូជដែលល្អ គ្រាប់ថ្មីដែលមានអាយុតិចជាង៦ខែ។ យកគ្រាប់ល្មើ ទៅដាក់ត្រាំទឹកអោយបាន៧ថ្ងៃ។ ថ្ងៃដំបូងត្រូវត្រាំដោយទឹកក្តៅឧណ្ហៗដែលមានកំដៅប្រហាក់ប្រហែលនឹង៤០ឬ៤៥ដឺក្រេសេ។ ស្អែកឡើងយើងត្រាំទឹកត្រជាក់ធម្មតា។ មួយថ្ងៃត្រូវដូរទឹកម្តង ហើយលាងសំអាតគ្រាប់វាអោយបានស្អាតអស់ជាតិរំអឹលនៅរៀងរាល់ពេលដែលយើងប្តូរទឹកម្តងៗ។ ក្រោយពីត្រាំគ្រាប់៧ថ្ងៃរួចមក យើងអាចយកគ្រាប់ទៅដាក់កប់ក្នុងធ្យូងអង្កាម ឬស្រកីដូងម៉ដ្ឋ ឬប្រើក្រដាសជូតមាត់ ឬកន្សែងពោះគោក្រាស់ៗក៏បានដែរ ដោយជ្រលក់ទឹកអោយសើមហើយពួតទឹកចេញអោយស្រស់ទឹក។ ដាក់ខ្ចប់គ្រាប់ល្មើឬកប់ក្នុងធ្យូងអង្កាម រួចហើយដាក់ចូលក្នុងធុងដែលមានគំរបបិទជិតកុំអោយខ្យល់ចេញចូល។ អប់ទុកក្នុងប្រអប់នេះ ចំនួន២១ថ្ងៃ។ បើសិនជាសំណើមរបស់វាមិនគ្រប់គ្រាន់ យើងអាចបាញ់ផ្សែងទឹកបន្ថែមទៅក្នុងប្រអប់ឬជ្រលក់កន្សែងសារជាថ្មី ឬស្រោចទឹកទៅក្នុងធ្យូងអង្កាមដែលយើងបានកប់គ្រាប់ល្មើ។ បន្ទាប់ពី២១ថ្ងៃ គឺគ្រាប់ល្មើវានឹងដុះពន្លកចេញជាឬសសៗប្រវែងប្រហែលជា២សង់ទីម៉ែត្រ។ ពេលនេះយើងអាចយកគ្រាប់ល្មើទាំងនេះ ទៅដាក់ផ្សាំនៅក្នុងថង់ផ្សាំដែលមានកំពស់ខ្ពស់ ឬថូរដែលមានជំរៅជ្រៅ ព្រោះឬសរបស់វាគឺវែង។ យើងបន្តថែទាំកូនល្មើអោយបាន១ឆ្នាំឬ២ឆ្នាំ ចាំយើងយកទៅដាក់ដាំក្នុងចំការ។ បើយើងប្រញ៉ាប់យកកូនល្មើនៅតូច យកទៅដាក់ដាំក្នុងចំការលឿនខ្លាំងពេក គឺវាអន់ ក្រិន មិនលូតលាស់ វាចាញ់កំដៅ ស្មៅជាន់ កើតជម្ងឺក្រា សត្វបំផ្លាញ ហើយអាចងាប់។ បើកូនល្មើធំល្អហើយយើងយកទៅដាក់ដាំគឺវាលូតលាស់លឿនហើយឆាប់ចេញផ្លែ ហើយវាប្រើពេល៤ឆ្នាំវានឹងចេញផ្លែ។
✍️✍️ រក្សាសិទ្ធិ នី ណាក់។
របៀបដាំក្រូចវល្លិ៍ ឬក្រូចផាសិន នៅក្នុងផើង
+ការរៀបចំដាំដុះ
-ដីមានជីជាតិ ដីមានលាយល្បាយជីកំប៉ុស្ត
-ផើងដំណាំ ដែលមានទំហំធំល្មម ជាទូទៅ គួរតែមានទំហំ ៩០ស.ម បួនជ្រុង
-គ្រាប់ផ្លែផាសិនស្រស់ ដែលបានមកពីផ្លែទុំល្អ
-គ្រាប់ផ្លែផាសិនស្រស់ ដែលបានមកពីផ្លែទុំល្អ
-ចំអារឫស្សីដើម្បីធ្វើជាទ្រើងសម្រាប់ឱ្យផាសិនតោង
+ការដាំដុះ
-យកគ្រាប់ផ្លែផាសិនស្រស់ តាមចំនួនដែលយើងចង់បណ្តុះ ទៅលាងសម្អាតទឹក និងរក្សាទុកឱ្យស្ងួតក្នុងរយៈពេល៣ ទៅ៤ថ្ងៃ
-មុនពេលយកទៅដាំ ត្រូវលាងសម្អាតវាម្តងទៀត
-លាងសម្អាតផើង និងហាងកម្តៅថ្ងៃឱ្យស្ងួតដើម្បីសម្លាប់មេរោគ
-ចាក់ដីចូលផើងដំណាំ ហើយយកគ្រាប់ផាសិនមកដាក់កប់ក្នុងជម្រៅរាក់ ហើយរោយដីលុបវិញ
-បន្ទាប់មក ត្រូវស្រោចទឹកឱ្យជោគ
-ក្រោយមួយសប្តាហ៍ កូនផាសិននឹងចេញពន្លក ដែលមានសន្លឹក២ដំបូង
-អំឡុងពេល ១០ ទៅ ២០ ថ្ងៃ កូនផាសិននឹងលូតលាស់
-រក្សាទុកផើងដំណាំ ផាសិន នៅក្នុងទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-នៅពេលកូនផាសិន មានកម្ពស់២០ ទៅ ២៥ស.ម ត្រូវយកចំអារឫស្សីមកដោតធ្វើជាបង្គោលដើម្បីឱ្យកូនផាសិនអាចលូតលាស់វាតោងបាន (ហាមឱ្យផាសិនវា តោង ឡើងរុក្ខជាតិរស់ ព្រោះវាអាចនឹងធ្វើឱ្យរុក្ខជាតិទាំងនោះងាប់)
+ការថែទាំ
-ស្រោចទឹកជាប្រចាំ ឱ្យបានទៀងទាត់ ២ដងក្នុងមួយថ្ងៃ ព្រឹកម្តង និងល្ងាចម្តង
-ឧស្សាហ៍សម្អាតស្មៅនៅតាមគល់ដំណាំ
-បេះស្លឹកចាស់ៗ និងងាប់ចោល ដើម្បីកុំឱ្យមែករុក្ខជាតិដុះស៊ុបទ្រុបពេក
-ដាក់ជីបំប៉ននៅតាមគល់ដំណាំ
-អាយុកាលរបស់ផាសិន អាចដល់ពី៥ ទៅ ៧ឆ្នាំ តាមការថែទាំ
+ការប្រមូលផល
-ក្រោយដាំដុះ រយៈពេល៦ទៅ៨ខែ ឬ១ឆ្នាំ ផាសិននឹងផ្តល់ផល
-ផ្លែទុំល្អ ដែលអាចប្រមូលផលបាន គឺពណ៌ស្វាយក្រហម ឬលឿងទុំ ហើយសម្បកផ្លែមានរាងជ្រួញបន្តិច
+ការរក្សាទុកពូជ
-ត្រូវលាងសម្អាតគ្រាប់ផាសិន ហើយរក្សាទុកឱ្យស្ងួតក្នុងរយៈពេល ៣ទៅ៤ថ្ងៃ ហើយវេចខ្ចប់ទុកក្នុងកំណាត់សំពត់ផ្សេងៗ
អត្ថបទ៖ អ៊ាង សុផល្លែត
វិធីធ្វើឱ្យដើមក្រូចឆ្មារឆាប់ផ្លែនិងទទួលបានផលច្រើន
+សម្ភារត្រូវមាន
-កាំបិត ឬកន្ត្រៃទុកសម្រាប់កាត់មែកក្រូចឆ្មារ
-ខ្លាញ់គោ
+វិធីធ្វើ៖
-យកកាំបិត ទៅអង្កន់សំបក ក្រឡឹងជុំវិញដើមក្រូចឆ្មារ (ដាំដោយមែក) ដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ ចំនួន៣កន្លែង ចន្លោះកន្លះតឹកពីគ្នា និងកម្ពស់៥តឹកទៅមួយម៉ែត្រពីដី
-ក្រោយអង្កន់រួច ត្រូវយកខ្លាញ់គោ លាបចំកន្លែងដែលអង្កន់នោះ ដើម្បីបន្ថយការចេញជ័រ
-កញ្ចុំផ្ការបស់ក្រូចឆ្មារ អាចមានផ្លែពី៥ទៅ៧ផ្លែ បន្ទាប់ពីអង្កន់រួច
*ចំណាំ
-ការអនុវត្តបែបនេះ គឺពិតជាធ្វើឱ្យដើមឆាប់ផ្លែ និងបានផលច្រើន តែអាចធ្វើឱ្យដើមក្រូចឆ្មារអន់ ។ ដូច្នេះ ដើម្បីកុំឱ្យដើមក្រូចឆ្មារចុះអន់ខ្លាំងពេក យើងត្រូវមានការថែទាំវាឱ្យបានដិតដល់ ដូចជាការស្រោចទឹក ដាក់ជី លាមកសត្វ ជាដើម ។ ការដាក់ជី និងបន្ថែមទឹកស្រោចស្រព គួរតែអនុវត្តមុនពេលចេញផ្កាមួយខែ ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។