ជីតាទួតរបស់លោកថាក់ស៊ីន មានឈ្មោះថា Seng Sae Khu ជាជនភៀសខ្លួនជនជាតិចិន ដែលបានមកដល់ទឹកដីថៃ ក្នុងទស្សវត្សន៍ឆ្នាំ១៨៦០ ព្រមទាំងបានផ្លាស់ទីទៅរស់នៅ ក្រុងឈៀងម៉ៃក្នុងឆ្នាំ១៩០៨។ ក្នុងឆ្នាំ១៩៣៨ ចៅប្រុសម្នាក់ របស់លោក Seng Sae Khu ត្រូវបានដាក់ឈ្មោះ ដោយយកលំនាំតាមជនជាតិថៃ ដោយមានត្រកូលថា ស៊ីនណាវ៉ាត្រា មូលហេតុដោយក្នុងពេលនោះ ប្រទេសថៃ មានគោលការណ៍ប្រឆាំងទៅនឹងចលនារបស់ជនជាតិចិន។ ក្រោយមកសមាជិកផ្សេងទៀត ក្នុងគ្រួសាររបស់លោក ក៏បានប្រែឈ្មោះដោយយកតាមលំនាំថៃដែរ។
លោកឪពុករបស់លោក ថាក់ស៊ីន មានឈ្មោះថា លើត ស៊ីនណាវ៉ាត្រា បានរៀបការជាមួយ នាង យីនឌី រ៉ាមិវង្ស ជាកូនស្រីរបស់ម្ចាស់ក្សត្រី ចេនធិប ណា ឈៀងម៉ៃ។ ក្នុងឆ្នាំ១៩៦៨ លោក លើត បានប្រលូកចូលក្នុងឆាកនយោបាយ ព្រមទាំងបានកា្លយជា អ្នកតំណាងមេដឹកនាំ នៃគណៈបក្សមួយ។ តែនៅក្នុងឆ្នាំ១៩៧៦ លោកបានចាកចេញពីផ្នែកនយោបាយ ដោយងាកមកចាប់អារម្មណ៍ផ្នែកជំនួញវិញម្តង។
គ្រួសារនេះ បានចាប់ផ្តើមមុខរបររកស៊ីដំបូងរបស់ខ្លួន ដោយការបើកហាងកាហ្វេ ដាំចំការក្រូច និងផ្កានៅខេត្តឈៀងម៉ៃ ព្រមទាំងបានបើករោងភាពយន្តពីរកន្លែង និងស្ថានីយឧស្ម័នមួយកន្លែងទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានបើកកន្លែងលក់ដូររថយន្ត និងម៉ូតូទៀតផង។ ដោយសារមុខរបររបស់លោកមានការរីកចម្រើនឡើងៗ ធ្វើឲ្យគ្រួសារ ដែលជាប់ខ្សែស្រឡាយសេ្តចនេះ កា្លយជាមហាសេដ្ឋីព្រមជាមួយឥទ្ធិពលយ៉ាងសម្បើមក្នុងខេត្តឈៀងម៉ៃទាំងមូល។ តំណាលពេលដែលមុខជំនួញកំពុងទទួលបានជោគជ័យ លោក ថាក់ស៊ីន ដែលជាកូនប្រុសម្នាក់ ក្នុងចំណោមកូនៗដទៃទៀត របស់លោកបានធំធាត់ចម្រើនវ័យឡើង។
លោក ថាក់ស៊ីន បានចាប់កំណើតនៅ San Kamphaeng ហើយរស់នៅទីនោះ រហូតដល់អាយុ ១៥ឆ្នាំ។ ក្រោយមកលោកបានផ្លាស់ទៅរស់នៅខេត្ត ឈៀងម៉ៃ ដើម្បីបន្តការសិក្សាថ្នាក់វិទ្យាល័យ។ ក្នុងវ័យជាក្មេងប្រុសម្នាក់ មានអាយុត្រឹម១៦ឆ្នាំ ដោយសារតែភាពឆ្លាតវៃផ្នែកជំនួញពីកំណើត លោកអាចរួមចំណែកក្នុងការជួយសម្រាលកិច្ចការរកស៊ីក្នុងរោងភាពយន្តឪពុករបស់លោកទៀតផង។ ក្នុងនាមជាកូនប្រុសម្នាក់ នៃវង្សត្រកូលជាមហាសេដ្ឋី លោកបានរៀបការជាមួយ កូនស្រីដែលមានវង្សត្រកូលខ្ពង់ខ្ពស់ដូចគ្នាម្នាក់ ឈ្មោះថា Potjaman Damapong ក្នុងឆ្នាំ១៩៨០ ក្រោយមកអ្នកទាំងពីរមានកូនប្រុសម្នាក់ និង កូនស្រីពីរនាក់ ជាចំណងដៃអាពាហពិពាហ៍ ។
អតីតនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់បានគ្រប់គ្រងទៅលើ ក្រុមហ៊ុន Advanced Info Service ដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសថៃ។ ដោយភាពជោគជ័យក្នុងមុខជំនួញ បានប្រែក្លាយជីវិតលោក ទៅជាមហាសេដ្ឋីម្នាក់។ ក្នុងឆ្នាំ១៩៩៤ លោក ថាក់ស៊ីន បានប្រឡូកខ្លួន ជាអ្នកនយោបាយម្នាក់ ដោយចាប់ផ្តើមជាមួយ ការធ្វើជាសមាជិករបស់គណៈបក្ស Phalang Dharma Party ។ ៤ឆ្នាំក្រោយមកបក្ស populist Thai Rak Thai (TRT) ត្រូវបានបង្កើតឡើង ដោយស្នាដៃផ្ទាល់របស់អ្នកនយោបាយក្មេងខ្ចីរូបនេះ។ បន្ទាប់ពីទទួលជោគជ័យក្នុងការបោះឆ្នោត ឆ្នាំ២០០១ លោកបានក្លាយជានាយករដ្ឋមន្ត្រីម្នាក់នៃប្រទេសថៃ។
ក្នុងជីវិតជានាយករដ្ឋមន្ត្រី លោកបានប្រើប្រាស់តួនាទីរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិនានា ដូចជាជួយសម្រាលបន្ទុកប្រជាជនក្រីក្រ ដោះស្រាយវិបត្តិកំណើនប្រជាជន ព្រមទាំងជួយកាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះដែរ លោកបានបង្កើតជាកម្មវិធីថែទាំ សុខភាពជាសកល (universal healthcare) ជាលើកដំបូងមួយក្នុងប្រទេសថៃ រួមជាមួយការបង្កើតយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនតែប៉ុណ្ណោះ លោកបានបង្កើតជាកម្មវិធី វិនិយោគទៅលើការ កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ប្រព័ន្ធដឹកជញ្ចូនសាធារណៈ និងព្រលានយន្តហោះ សុវណ្ណភូមិ (Suvarnabhumi Airport)។ ដោយឡែកវិបត្តិអំពើពុករលួយ បានធ្លាក់ចុះ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។
ក្នុងពេលកាន់អំណាច រដ្ឋាភិបាលលោក ថាក់ស៊ីន ត្រូវប្រឈមមុខទៅនឹង ការចោទប្រកាន់ថា ជាការគ្រប់គ្រងប្រទេសប្រកប ដោយអំពើពុករលួយ ផ្តាច់ការ ក្បត់ជាតិ បង្កជម្លោះដណ្តើមផលប្រយោជន៍ ព្រមទាំងបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។ លោកក៏ត្រូវបានចោទប្រកាន់ថា ជាមូលហេតុ នៃការគេចពន្ធ ជាអ្នកប្រមាថព្រះជេស្តា ព្រះរាជាភូមិបុល និង លក់សម្បត្តិក្រុមហ៊ុនថៃ ឲ្យអ្នកវិយោគអន្តរជាតិទៀតផង។ ស្ថាប័នឯករាជ្យ បានរិះគន់ទៅលើបទល្មើស នៃការរំលោភសិទ្ធមនុស្ស របស់លោក ថាក់ស៊ីន។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីរូបនេះ ក៏បានរងការចោទប្រកាន់ថា បានលាក់បាំងពីចំនួនទ្រព្យសម្បត្តិរបស់ខ្លួន ក្នុងពេលដែលលោកមានអំណាចក្នុងដៃ។
ការពាក់ព័ន្ធទៅនឹងបទចោទប្រកាន់ផ្សេងៗ បណ្តាលឲ្យតំណែងជានាយករដ្ឋមន្រ្តីរបស់លោក ត្រូវប្រឈមមុខទៅនឹងភាពរង្គោះរង្គើ។
ជាក់ស្តែង បាតុកម្មក្រោមការដឹកនាំដោយក្រុមមួយដែលមាន ឈ្មោះថា ក្រុមប្រជាពលរដ្ឋ ដើម្បីប្រជាធិបតេយ្យ ដែលជនជាតិថៃ តែងឲ្យឈ្មោះថា ក្រុមអាវលឿងនោះ បានផ្ទុះឡើង ក្នុងឆ្នាំ ២០០៦ ។
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ក្រុមយោធា ដែលក្រោយមកបានហៅខ្លួនឯងថា ក្រុមប្រឹក្សា ដើម្បីសន្តិសុខជាតិ(Council for National Security) បានទទួលជោគជ័យក្នុងការផ្តួលរំលំអំណាច របស់លោកនាយករដ្ឋមន្ត្រីរូបនេះ តាមរយៈការធ្វើរដ្ឋប្រហារ ខណៈដែលលោក បានធ្វើដំណើរទៅបរទេស។ តុលាការដែល ត្រូវបានតែងតាំងដោយ ក្រុមប្រឹក្សាដើម្បីសន្តិសុខជាតិ មានបំណងរំលាយ គណបក្ស ថៃ រ៉ាក់ថៃ ដោយចោទប្រកាន់ថា បក្សនេះ បានបន្លំសន្លឹកឆ្នោត ដោយហាមឃាត់ លោក និង បណ្តាអ្នកដែលពាក់ព័ន្ធទៅនឹងបក្សនេះ មិនឲ្យលូកដៃចូលក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។
ជាមួយគ្នានេះដែរ គណៈកម្មការត្រួតពិនិត្យទ្រព្យសម្បត្តិ បានរឹបអូសទ្រព្យសម្បត្តិរបស់លោក និងគ្រួសារ ដែលតម្លៃជាទឹកប្រាក់សរុបចំនួន ៧៦ពាន់លានបាត ដែលមានតម្លៃស្មើ ២,២ពាន់លានដុល្លារអាមេរិក។ នាយករដ្ឋមន្ត្រីត្រូវទម្លាក់ពីតំណែងរូបនេះ ត្រូវបានប្រកាសថា ជាមនុស្សដែលកាន់កាប់ទ្រព្យសម្បតិ្ត ក្នុងលក្ខណៈមិនប្រក្រតី ក្នុងអំឡុងនៃការកាន់អំណាច។ គួរបញ្ជាក់ថា មុនពេលឡើងកាន់អំណាចកាលពីឆ្នាំ២០០១ លោកថាក់ស៊ីន រួមជាមួយភរិយារបស់លោក បានប្រកាសទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់ចំនួន ១៥,១ពាន់លានបាត ។
លោក ថាក់ស៊ីនបានវិលត្រលប់មកកាន់ប្រទេសថៃវិញក្នុងឆ្នាំ២០០៨ បន្ទាប់គណបក្ស អំណាចប្រជាជន(People's Power Party) ដែលទទួលបានការគាំទ្រពីលោក ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតក្រោយការធ្វើរដ្ឋប្រហារ។ ប៉ុន្តែបន្ទាប់ពីការធ្វើដំណើរទស្សនកិច្ចនារដូវក្តៅឆ្នាំ២០០៨ ទៅកាន់ទីក្រុងប៉េកាំង លោកមិនបានវិល ត្រលប់មកទទួលសេចក្តីប្រកាសចុងក្រោយ អំពីទោសកំហុសរបស់ខ្លួនឡើយ។ នាខែតុលា ក្នុងឆ្នាំដដែលនោះ តុលាការកំពូលថៃ បានរកឃើញទោសកំហុសរបស់លោក ព្រមទាំងបានកាត់ទោសដោយកំបាំងមុខ ដោយដាក់ពន្ធធនាគាររយៈពេល២ឆ្នាំ។
មិនយូរប៉ុន្មាន បក្ស People's Power Party ត្រូវបានតុលាការ កំពូលថៃលុបចោល ជាថ្មីម្តងទៀត ប៉ុន្តែសមាជិកនៃបក្សនេះ បានរួមគ្នាបង្កើតបានជាបក្សថ្មីមួយ ដែលមានឈ្មោះថា បក្សភឿថៃ ដែលបក្សនេះ ក៏ទទួលបានការគាំទ្រពីសំណាក់លោក ថាក់ស៊ីនផងដែរ។ ជាមួយគ្នានេះដែរ លោកថាក់ស៊ីនក៏ជាអ្នកដែលគាំទ្រ និង ឧបត្ថម្ភរាល់ ការចំណាយរបស់ ចលនាមួយមានឈ្មោះថា ចលនាបង្រួបបង្រួមសម្រាប់ប្រជាធិបតេយ្យ ប្រឆាំងអំណាចផ្តាច់ការ (United Front for Democracy against Dictatorship) ដែលពិភពលោកបានស្គាល់ថា ជាក្រុមអាវក្រហម។ រដ្ឋាភិបាលបានដកហូត លិខិតធ្វើដំណើររបស់លោក ថាក់ស៊ីន ឆ្លើយតបតាមទោសកំហុស ដែលលោកបានដឹកនាំចលនារបស់ពួកអាវក្រហម ក្នុងឆ្នាំ២០០៩។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១០ តុលាការកំពូលបានដកហូត ប្រាក់ចំនួន ៤៦ពាន់លានបាត ពីទ្រព្យសម្បត្តិរបស់លោក បន្ទាប់រកឃើញថា លោកមានជាប់ទាក់ទងទៅនឹងការកាន់កាប់ទ្រព្យសម្បត្តិ ច្រើនខុសពីធម្មតា។
បន្ទាប់ចាកចេញពីដំណែងជានាយករដ្ឋមន្ត្រី ប្អូនស្រីពៅរបស់លោក គឺ លោកស្រី យ៉ីងឡាក់ បានបោះជំហានចូលក្នុងឆាកនយោបាយបន្តពីបងប្រុសរបស់ខ្លួន ក្នុងឆ្នាំ២០១១ ក្នុងដំណែងជាមេដឹកនាំបក្សភឿថៃ ដែលមាននិន្នាការគាំទ្រលោក ថាក់ស៊ីន ព្រមទាំងបានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីថៃស្រីដំបូងបំផុត កាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ៕
ប្រភព គេហទំព័រដើមអម្ពិល
No comments:
Post a Comment