SAMSUNG Galaxy Note នៅ​កូរ៉េ​ខាង​ត្បូង

ក្រុមហ៊ុន Samsung Electronics ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​លំដាប់​ទី ២ នៅ​លើ​ពិភព​លោក​ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​នឹង​ចេញ​បង្ហាញ​នូវ​​ទូរស័ព្ទ​ស៊េរី​ថ្មីបំផុត​របស់​ខ្លួន​ម៉ូដែល Galaxy Note នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុង​គោល​បំណង​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ទំនើប​ថ្មី។

ទូរស័ព្ទ Galaxy Note ដែល​នឹង​ត្រូវ​បាន​គេ​ចេញ​បង្ហាញ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នោះ មាន​លក្ខណៈ​ធំ​ជាង​ទូរស័ព្ទ​ទំនើប ប៉ុន្តែ​តូច​ជាង​កុំព្យូទ័រ​បន្ទះ​ស្ដើង ដែល​ភ្ជាប់​មក​ជាមួយ​នូវ​អេក្រង់​ទំហំ ៥,៣​អ៊ីញ ស្ថិត​ក្នុង​ត្រកូល​ Galaxy ផង​ដែរ។



ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ឧបករណ៍​សម្រាប់​សរសេរ​ដ៏​ទំនើប​ហៅ​ថា «S Pen» ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​សរសេរ​​អក្សរ​នៅ​លើ​អេក្រង់ ហើយ​វា​ដំណើរការ​ជាមួយ​ CPU ១,៥​ជីហ្កាហឺត​ចំនួន ២​ដើម និង​ដំណើរ​ការ​ជាមួយ​កម្មវិធី Android Gingerbread របស់​ក្រុមហ៊ុន Google។

ទូរស័ព្ទ​ទំនើប​ថ្មី​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ នឹង​​បំពាក់​មក​ជាមួយ​នូវ​​សេវា​ភ្ជាប់​បណ្ដាញ​ជំនាន់​ទី ៤ ឬ​ 4G (LTE) ខណៈ​ទូរស័ព្ទ​ទាំង​ឡាយ​ដែល​ចេញ​លក់​នៅ​អឺរ៉ុប និង​ហុងកុង​កាល​ពី​ខែ​មុន​នោះ ដំណើរការ​ជាមួយ​​បណ្ដាញ​ឥត​ខ្សែ​ជំនាន់​ទី ៣ ឬ 3G។

លោក ស៊ីន ជុងឃ្យុន នាយក​ប្រតិបត្តិ​ផ្នែក​អាជីវកម្ម​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Samsung បាន​ថ្លែង​ថា​៖ «Galaxy Note គឺ​ជា​ទូរស័ព្ទ​ស៊េរី​ថ្មី ទើប​នឹងចេញ​ក្រោយ​ទូរស័ព្ទ​ទំនើប​ និង​កុំព្យូទ័រ​បន្ទះ​ស្ដើង​ដទៃ​ទៀត។ វា​នឹង​ផ្ដល់​ឲ្យ​អតិថិជន​នូវ​បទ​ពិសោធន៍​ថ្មី»។

ប្រភព៖ ​ភ្នំពេញប៉ុស្តិ

No comments: