លោក រីក្គ រិក (Rick Reece) នាយកអង្គការអន្តរជាតិ VFI (Village Focus International) បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ ឲ្យដឹងថា ការប្រណាំងកង់ឆ្នាំទី៦ នេះ មានអ្នកចូលរួម ៦៥០នាក់ច្រើនជាងបណ្តាឆ្នាំមុនៗ ដោយកន្លងទៅមានអ្នកចូលរួមតែ ៧៥នាក់ប៉ុណ្ណោះ ។ ជាពិសេសការប្រណាំងឆ្នាំនេះ មានព្រឹត្តិការណ៍៣ សម្រាប់ការប្រណាំងកង់នេះ គឺការជិះកង់ដែលមានចម្ងាយផ្លូវ ១៧ គ.ម មានប្រមាណជាង ១០០នាក់, ចម្ងាយ៣០គ.ម ជាង២០០នាក់ និង ១០០ គ.ម មានជាង ២០០នាក់។
លោកបន្តថា ការប្រណាំងកង់នេះ ក្នុងគោលបំណងរ៉ៃអង្គាសប្រាក់ សម្រាប់គម្រោង មួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងការគាំពារសង្រ្គោះ កុមារ និង ស្រ្តី ដែលងាយរងគ្រោះ មានភាពប្រសើរឡើង និងក្ដីសង្ឃឹមសម្រាប់ជីវិត របស់ពួកគាត់ផ្ទាល់។ នៅឆ្នាំនេះ គម្រោងរបស់អង្គការ មានការយកចិត្តទុកដាក់ សម្រាប់សាលារៀនចំនួន ៤សាលា គឺ ៣សាលានៅភ្នំពេញ និងមួយទៀតនៅខេត្តបាត់ដំបង ហើយគាំទ្រផ្ទះសុវត្ថិភាព ( Safe House) នៅភ្នំពេញ សម្រាប់ជនរងគ្រោះការជួញដូរ និងរំលោភផ្លូវភេទ។
លោកបានមានប្រសាសន៍បន្តទៀតថា ការប្រណាំងកង់ ក៏សម្រាប់គាំទ្រស្រ្តីវ័យក្មេង និង ស្រ្តីដែលងាយទទួល រងគ្រោះនៅកម្ពុជា ម៉្យាងវិញទៀតកម្មវិធីនេះ នាំមកនូវភាព សប្បាយរីករាយ និង ដើម្បីសុខភាពល្អផងដែរ។ លើពីនេះទៀតនោះជាសារមួយសម្រាប់ ឲ្យភ្ញៀវទេសចរ កាន់តែស្គាល់ប្រទេស និងប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបន្តថា អ្នកចូលរូមប្រណាំងកង់ឆ្នាំនេះ មកពីប្រមាណ ៤០ប្រទេស និងចម្រុះជាតិសាសន៍ ហើយមានជនជាតិកម្ពុជា ប្រមាណ ១៣០នាក់ បានចូលរួមប្រណាំងកង់ ចំណែកអ្នកចូលរួម ដែលជាជនបរទេសពាក់កណ្ដាល កំពុងរស់ និងបម្រើការងារនៅកម្ពុជា ហើយពាក់កណ្ដាលទៀត មកពី ហុងកុង សឹង្ហបូរី ជប៉ុន អូស្រ្តាលី អាមេរិក អាឡឺម៉ង រុស៊្សី បារាំង ឡាវ ថៃ និងបណ្ដាប្រទេសជាច្រើនទៀត។ ពួកគាត់បានដឹងការប្រណាំងជឹះកង់នេះ តាមរយ:គេហ៍ទំព័រ ការផ្ញើរសារតាម អ៊ីម៉េល និង សារព័ត៌មាន ទៅបណ្ដាក្លិបប្រណាំង កង់នានានៅលើពិភព។
លោក Rick Reece បានឲ្យដឹងសម្រាប់គម្រោងនាឆ្នាំក្រោយៗទៀតថា លោកនឹងងបន្តរៀបចំដូច្នេះទៀត ហើយការប្រណាំងកង់ឆ្នាំនេះ ប្រមូលថវិកា បានជាង ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ទ្រទ្រង់គម្រោងនៅកម្ពុជា ហើយយើងក៏សង្ឃឹមថានិងបានការគាំទ្របន្តទៀត សម្រាប់ឧត្តមប្រយោជន៍ របស់ កុមារ និង ស្រ្តី ដែលងាយរងគ្រោះ ហើយអ្នករៀបចំ និងនាំគ្នាធ្វើអ្វីៗ ឲ្យកាន់តែប្រសើរឡើង។
លោកប្រធានអង្គការអន្តរជាតិរូបនេះ ក៏បានថ្លែងអំណគុណចំពោះ អ្នកចូលរួម អ្នកគាំទ្រ និងអជ្ញាធរអប្សារា រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យព្រឹត្តិការនេះកើតមានឡើង ដោយជោគជ័យគួរជាទីមោទកភាពបំផុត៕
ប្រភព៖ ដើមអម្ពិល
No comments:
Post a Comment