មួយរយៈក្រោយមកទៀត ម៉ាស៊ីន MP3 Rio Diamond PMP 300 បានបង្ហាញខ្លួនជាថ្មីមានភាពល្បីល្បាញទទួលស្គាល់ពីសំណាក់អ្នកនិយមប្រើប្រាស់ក្រោយពីដាក់បង្ហាញជាសាធារណៈ។ ការបង្ហាញម៉ាស៊ីន MP3 នេះបានធ្វើឡើងបន្ទាប់ពីរយៈពេល៧ឆ្នាំ នៃការបង្កើតគំនិតរកឃើញដំបូងនៅឆ្នាំ១៩៩១ ដែលកាលណោះវាមិនទាន់ផលិតឱ្យលេចចេញជារូបរាងនៅឡើយទេ។ បច្ចុប្បន្នម៉ាស៊ីន MP3 មានច្រើនប្រភេទល្បីល្បាញ និងមានប្រវត្តិរៀងៗខ្លួនដូចជា ៖
Apple iPod ៖ ម៉ាស៊ីន iPod ត្រូវបានដាក់លក់ជាសាធារណៈដំបូងនៅថ្ងៃទី២៣ តុលា ២០០១ ហើយភ្ជាប់ជាមួយអង្គចងចាំ(memory) ទំហំ៥GB និងមានតម្លៃខ្ពស់គួរសមប្រមាណ៤០០ដុល្លារសហរដ្ឋអាេមរិក ។ បើទោះជាមានតម្លៃខ្ពស់បន្តិចមែន ក៏ iPod នៅតែទទួលបាននូវភាពជោគជ័យចំពោះការដាក់លក់របស់ខ្លួន ដោយគិតត្រឹមឆ្នាំ២០០៧ iPod ប្រមាណ១០០លានគ្រឿង ត្រូវបានលក់ចេញ ហើយវានៅតែទទួលបានប្រជាប្រិយភាពខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។
San Disk ៖ សាជីវកម្ម SanDisk ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនផលិតអង្គចងចាំមានគុណភាពខ្ពស់បំផុតបានដាក់បង្ហាញនូវម៉ាស៊ីន MP3 ដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០០៤ ដោយដាក់ឈ្មោះថា SanDisk Digital Audio Player ។ SanDisk Digital Audio Player មានអង្គចងចាំ៣ប្រភេទគឺ២៥៦MB ៥១២MB ១GB ទម្រង់អង្គចងចាំទាំង៣នេះសុទ្ធតែបានរួមបញ្ចូលនូវវិទ្យុ FM និងត្រូវការថ្ម AAA មួយ ដើម្បីឱ្យវាអាចដំណើរការបាន ហើយម៉ាស៊ីននេះអាចចាក់បទចម្រៀងដែលមានទម្រង់ជា MP3 WMA DRM-protected-WM ។ ម៉ាស៊ីននេះមានតម្លៃសមរម្យគឺត្រឹមតែ៩០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់អង្គចងចាំដែលមាន ទំហំ២៥៦MB ប៉ុន្តែបើទោះជាវាមានតម្លៃសមរម្យយ៉ាងណាក៏ដោយ ក៏វានៅឈរត្រឹមលំដាប់លេខ២ បន្ទាប់ពី iPod ដែរ។
Creativ Labs ៖ គឺជាក្រុមហ៊ុនផលិតម៉ាស៊ីន MP3 ទទួលបាននូវភាពល្បីល្បាញមួយផងដែរដូចជាក្នុងឆ្នាំ២០០០ ក្រុមហ៊ុននេះបានបញ្ចេញលក់នូវផលិតផលរបស់ខ្លួនឈ្មោះថា Nomad ដែលភ្ជាប់ជាមួយនឹងអង្គចងចាំ៦៤MB និងដំណើរការដោយថ្ម AAA ។ រយៈក្រោយមកទៀត ក្រុមហ៊ុននេះបានចេញលក់ផលិតផលថ្មីមួយប្រភេទឈ្មោះថា Nomad Jukebox ភ្ជាប់ជាមួយអង្គចងចាំខ្នាតតូចបំផុតទំហំ៦GB និងត្រូវការថ្ម AAA បួនគ្រាប់។
Samsung ៖ ក្រុមហ៊ុន Samsung កូរ៉េជាក្រុមហ៊ុនអេឡិចត្រូនិកធំមួយក្នុងពិភពលោក ធ្វើប្រតិបត្តិការផលិតសម្ភារជាច្រើនដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ម៉ាស៊ីនថតរូប ម៉ាស៊ីនត្រួតពិនិត្យ ទូរទស្សន៍ ទូរស័ព្ទ ម៉ាស៊ីនបោះពុម្ព អង្គចងចាំខ្នាតតូចធំ ថ្ម ទូរស័ព្ទដៃ។ល។ ចំនួននៃការផលិត និងការច្នៃប្រឌិតផលិតផលថ្មីៗ មានការកើនឡើងជាលំដាប់ ទើបធ្វើឱ្យក្រុមហ៊ុននេះបានចំណាយពេលយូរ ក្នុងការបោះជំហានចូលក្នុងទីផ្សារម៉ាស៊ីន MP3 ។ ក្នុងឆ្នាំ២០០០ គេបានបោះជំហានចូលទីផ្សារម៉ាស៊ីន MP3 តាមរយៈផលិតផលរបស់គេឈ្មោះថា Yepp ។ Yepp បានភ្ជាប់មកជាមួយនូវអង្គចងចាំទំហំ៣២ MB និងអេក្រង់ LCD ដែលធ្វើឱ្យក្រុមហ៊ុនមួយនេះមានឈ្មោះបោះសំឡេងរហូតមកដល់សព្វថ្ងៃ ក្នុងទីផ្សារម៉ាស៊ីន MP3 ។
Microsoft ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០០៦ Microsoft បានសម្រេចដាក់បង្ហាញម៉ាស៊ីន MP3 ដំបូងរបស់គេមានឈ្មោះថា Zune 30 ដែលភ្ជាប់ដោយអង្គចងចាំមានទំហំ៣០ រួមជាមួយមុខងារ Wi-Fi វិទ្យុ FM និងមានអេក្រង់ទំហំ៣អុីញ។ បើទោះជាវាមានអត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ ក៏វានៅតែមិនអាចប្រកួតប្រជែងជាមួយ Apple បានដដែល។
Sony ៖ គឺជាក្រុមហ៊ុនអេឡិចត្រូនិកនាំមុខគេមួយទៀតបានបោះជំហានចូលក្នុងទីផ្សារម៉ាស៊ីន MP3 យ៉ាងសកម្ម ដូចជាផលិតផល ATRAC3 ជាដើម គឺជាម៉ាស៊ីន MP3 ដែលក្រុមហ៊ុននេះខិតខំផលិតឡើងដើម្បីធ្វើការប្រកួតប្រជែងក្នុងទីផ្សារ។ បន្ទាប់ពី ATRAC3 ក្រុមហ៊ុននេះបានបន្តផលិតផល និងវិវត្តន៍នូវម៉ាស៊ីន MP3 ជាច្រើនប្រភេទទៀតដូចជា NW-MS11 និង VAIO Music Clip ជាដើម។
ក្រៅពីម៉ាកល្បីៗខាងលើ ក៏មានម៉ាកល្បីជាច្រើនទៀតដូចជា Coby Philips RCA Iriver Archos Cowon Rio Nextar និង Insignia ជារបស់ក្រុមហ៊ុនដទៃៗទៀត ៕
ប្រភពអត្ថបទ៖ កោះសន្តិភាព
No comments:
Post a Comment