របាយការណ៍បង្ហាញថា ការបណ្តាក់ទុននេះ នឹងពង្រីកច្រកអន្តរជាតិនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងការកែលម្អព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះព្រះសីហនុ។
លោក ខែក ណូរិនដា ប្រធានទំនាក់ទំនងសាធារណៈនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបាន ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ការបណ្តាក់ទុននេះនឹងរ៉ាប់រងដោយCambodia Airportគ្រប់គ្រងដោយក្រុមហ៊ុនបារាំង VINCIដែលមានភាគហ៊ុន៧០ភាគរយនិង ៣០ភាគរយទៀតជារបស់ Muhibbah Master (កម្ពុជា)ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ម៉ាឡេស៊ី និងកម្ពុជា»។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមអ៊ីមែលថា៖ «ខ្ញុំអាចបញ្ជាក់បានថា យើងកំពុងតែធ្វើការលើគម្រោងវិនិយោគនេះហើយព័ត៌មានលម្អិតទាក់ទង នឹងការវិនិយោគនេះ មិនទាន់បានសម្រេចនៅឡើយទេ។ ចំពោះការកែលម្អឡើងវិញ ដំណាក់កាលដំបូងនៃការងារនេះ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៣ សម្រាប់ព្រលានយន្តហោះសៀមរាប និងភ្នំពេញ។ នៅពេលបញ្ចប់ចំណតព្រលានទាំងពីរនឹងទទួលបានអ្នកដំណើររហូតដល់ ៥លាននាក់ក្នុងមួយឆ្នាំ»។
អ្នកស្រី ឆាយ ស៊ីវលីន អនុប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា៖ «ខ្ញុំគិតថា វាជាការល្អណាស់ដែលព្រលានយន្តហោះនេះ អាចមានសមត្ថភាពទទួលបានអ្នកដំណើរកាន់តែច្រើន។ ចំនួនភ្ញៀវទេសចរកម្ពុជា កំពុងកើនឡើងជារៀងរាល់ឆ្នាំ ដូច្នេះខ្ញុំគិតថា វាជាការល្អក្នុងការត្រៀមខ្លួនផ្ទុកអ្នកដំណើរកាន់តែច្រើននា ពេលអនាគត»។
ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជាព្យាករថា ចំនួនអ្នកដំណើរដែលចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប នឹងកើនជាមធ្យម ៨,៨ភាគរយនៅ២០១៣។
សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបញ្ជាក់ថា ផ្ទៃដី៧៦៨ហិកតា នឹងត្រូវប្រើសម្រាប់សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្ត កំពង់ឆ្នាំង៕
ប្រភព៖ភ្នំពេញប៉ុស្តិ
No comments:
Post a Comment