តើលោកអ្នកមានដឹងទេថា តើត្រូវធ្វើដូចម្តេចខ្លះទើបក្លាយជាអ្នកមានប្រាក់ស្តុកស្តម្ភ? ចម្លើយគឺ TheBNEWS បានចុះផ្សាយរួចរាល់ហើយនៅពេលកន្លងមក។ យ៉ាងណាមិញ អ្វីដែលលោកអ្នកគួរចាប់អារម្មណ៍នៅពេលនេះ គឺសូមក្រឡេកទៅមើលសញ្ញាណទាំង ១០ ដែលបញ្ជាក់ថា លោកអ្នកកំពុងដើរនៅលើផ្លូវត្រូវក្លាយជាអ្នកមានវិញ តើមានសញ្ញាណអ្វីខ្លះ?
១) ដាក់មហិច្ឆតារបស់ខ្លួនជារឿងអាទិភាព
មហិច្ឆតាគឺជាអ្វីដែលអ្នកមាន ឬ មហាសេដ្ឋីមិនអាចខ្វះបាននៅក្នុងជីវិតរបស់ពួកគេ។ មុននឹងសម្រេចធ្វើអ្វីមួយបុគ្គលទាំងនោះដាក់មហិច្ឆតាខ្ពស់ពីអ្វីដែលខ្លួនមានទៅទៀត ហើយចាប់ផ្តើមបំពេញក្តីប្រាថ្នានេះដោយស្វាហាប់បំផុត។ ដូចគ្នានេះដែរ បើអ្នកមានសញ្ញាណនេះដែរ ក៏អាចបញ្ជាក់ថា អ្នកជាមនុស្សម្នាក់ដែលត្រៀមប្រយុទ្ធដើម្បីក្លាយទៅជាអ្នកមានដែរ។ ឧទាហរណ៍ថា អ្នកត្រូវការលុយឲ្យបាន១ម៉ឺនដុល្លារ តែអ្នកដាក់មហិច្ឆតារកលុយឲ្យបាន ១០ ម៉ឺនដុល្លារនោះ នេះហើយជាអ្វីដែលមានកំពុងនិយាយនៅក្នុងចំណុចនេះ។
២) បើកចិត្តឲ្យទូលាយជានិច្ច
សញ្ញាណដែលកំពុងនិយាយនេះគឺថា អ្នកជាមនុស្សម្នាក់ដែលមិនខ្លាចការទទួលយកគំនិត ដំបូន្មាន និង ចំណេះដឹងថ្មី ជាពិសេសគឺការលើកទឹកចិត្តពីអ្នកដទៃ។ មហាសេដ្ឋីជាច្រើនបានព្យាយាមផ្លាស់ប្ដូរទស្សនរបស់ខ្លួនដែលជាគំនិតសុញច្រើនទើបពួកគេសម្រេចបានភាពជោគជ័យលើហិរញ្ញវត្ថុ និង មានសុភមង្គលបាន។
៣) ប្រើប្រាស់ពេលវេលាទាញយកសមិទ្ធផលយ៉ាងមានប្រសិទ្ធភាព
អ្នកត្រូវដឹងថា ពេលវេលាគឺមានតម្លៃជាងប្រាក់ទៅទៀត ព្រោះថាប្រាក់មិនអាចបង្កើតពេលវេលាបានទេ តែពេលវេលាទេដែលអាចបង្កើតប្រាក់បានឲ្យអ្នកប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពបំផុត។ ហេតុដូច្នេះបើអ្នកជាមនុស្សម្នាក់ដែលប្រើប្រាស់ពេលវេលាប្រមាញ់យកភាពជោគជ័យរបស់អ្នក និង ធ្វើការផ្ដោតលើគោលដៅរបស់អ្នកបានយ៉ាងល្អ នេះមានអារម្មណ៍ថា អ្នកកំពុងដើរលើផ្លូវត្រូវក្លាយជាអ្នកមាននៅពេលអនាគត។
៤) បង្កើត និង ដើរទៅរកគោលដៅដែលបានកំណត់
នេះជាចំណុចមួយដែលអ្នកត្រូវរៀនអង្កេតពីខ្លួនឯងថា តើអ្នកជាមនុស្សម្នាក់ដែលបានបង្កើតគោលដៅពិតប្រាកដមួយសម្រាប់ខ្លួនឯងហើយឬនៅ? តើអ្នកកំពុងតែធ្វើដំណើរទៅរកគោលដៅនោះដែរឬទេ? បើចម្លើយជាវិជ្ជមាននោះ មានន័យថា អ្នកនឹងមានឱកាសក្លាយជាអ្នកមាន ត្បិតអីក្រុមមហាសេដ្ឋីក៏ប្រកាន់គោលការណ៍បែបនេះដែរ។
៥) មានសុទិដ្ឋិនិយមខ្ពស់
មានមហាសេដ្ឋីជាច្រើនបានអភិវឌ្ឍខ្លួនឯងពីមនុស្សសាមញ្ញម្នាក់រហូតដល់ក្លាយជាអ្នកមានប្រាក់ស្តុកស្តម្ភដោយការយល់ឃើញពីគំនិតសុទិដ្ឋិនិយមរបស់ខ្លួន។ សុទិដ្ឋិនិយមដែលសំខាន់នៅទីនេះគឺថា អ្នកត្រូវផ្តោតលើអ្វីដែលអ្នកចង់ធ្វើក្នុងផ្លូវវិជ្ជមានជានិច្ចក្នុងក្តីរំពឹងថា អ្នកនឹងអាចសម្រេចវាបានទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។
៦) ដឹងពីបរិបទសាកលលោក
ប្រសិនបើអ្នកជាបុគ្គលមួយប្រភេទដែលចាប់ផ្តើមតាមដានព្រឹត្តិការណ៍ផ្សេងៗនៅជុំវិញពិភពលោក ជាងចំណាយពេលវេលាលើបណ្ដាញសង្គមនានា មានន័យថា អ្នកកំពុងបង្កើតទម្លាប់មួយដូចមហាសេដ្ឋី។ លោក Bill Gates គឺជាឧទាហរណ៍ស្រាប់នៅទីនេះដែលថា លោកចូលចិត្តតាមដានព័ត៌មាន ឬ ព្រឹត្តិការណ៍ជាច្រើនកើតឡើងប្រចាំថ្ងៃ។
៧) យល់ថាភាពក្រីក្រមិនមែនជាឧបសគ្គរបស់ខ្លួន
អ្នកប្រហែលជាគិតថា ដោយសារតែអ្នកកើតមកជាកូនអ្នកក្រ ទើបធ្វើឲ្យអ្នកមិនអាចក្លាយជាអ្នកមានដូចគេឯង និង ពិបាកសម្រេចបានវិថីជីវិតមួយដ៏ល្អប្រសើរសម្រាប់ខ្លួនឯង។ យ៉ាងណាមិញ បើអ្នកប្រកាន់ទស្សនៈដូចលោក Bill Gates ដែលលោកនិយាយថា"បើអ្នកកើតមកក្រមិនមែនជាកំហុសរបស់អ្នក តែបើអ្នកស្លាប់ទៅវិញនៅតែក្រ នោះគឺជាកំហុសរបស់អ្នក” ហើយអ្នកខិតខំប្រឹងប្រែង និង មានជំនឿមុតមាំថា នឹងក្លាយជាអ្នកមាន នេះហើយជាតម្រុយដែលនាំផ្លូវអ្នកឲ្យក្លាយជាអ្នកមានបាន។
៨) ចូលចិត្តស្វែងរកបុគ្គលជោគជ័យមកធ្វើជាគំរូ
អ្នកអាចដឹងថា ការរស់នៅជាមួយបុគ្គលបរាជ័យ នឹងមិនអាចធ្វើឲ្យអ្នកក្លាយជាបុគ្គលម្នាក់ជោគជ័យលើហិរញ្ញវត្ថុបានឡើយ។ ដូច្នេះហើយ បើអ្នកចូលចិត្តស្វែងបុគ្គលជោគជ័យនានាមកធ្វើជាគំរូ ឬ ក៏ចូលចិត្តបង្កើតទំនាក់ទំនងជាមួយអ្នកដែលមានបទពិសោធន៍ល្អជាពិសេសលើអាជីពការងារនោះ នោះអាចបញ្ជាក់បានថា អ្នកកំពុងជួយខ្លួនឯងឲ្យមានអនាគតដ៏ល្អមួយ។
៩) ជៀសវាងប្រើប្រាស់បំណុលណាដែលមិនបានផ្តល់ប្រាក់ចំណេញមកវិញ
អ្នកអាចជាមនុស្សម្នាក់ដែលមិនចូលចិត្តការចាយវាយហ៊ឺហា មិនចូលចិត្តចំណាយលើអ្វីដែលគ្មានប្រយោជន៍ ឬ ក៏ថាមិនចូលចិត្តជំពាក់បំណុលណាដែលមិនបង្កើតប្រាក់ចំណូល។ បើតាមក្បូនរបស់មហាសេដ្ឋី គឺជំពាក់បំណុលដើម្បីយកទៅវិនិយោគសម្រាប់បង្កើតចំណូលបន្ថែម។ បើអ្នកអាចធ្វើរឿងនេះបានយ៉ាងល្អមែននោះ អ្នកមិនចាំបាច់ព្រួយបារម្ភរឿងចំពាក់បំណុលគេ ឬ ភ័យខ្លាចមិនអាចក្លាយជាអ្នកមាននោះឡើយ។
១០) សន្សំប្រាក់ដើម្បីវិនិយោគ
នេះជាគុណសម្បត្តិពិសេសមួយទៀតបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលចូលចិត្តសន្សំប្រាក់ ទុក សម្រាប់ការពារនៅពេលមានតម្រូវការចាំបាច់ ឬ យកទៅវិនិយោគដើម្បីបង្កើតចំណូលបន្ថែម។ វាជាវិធីសាស្ត្រដ៏ល្អមួយដែលក្រុមអ្នកមានប្រាក់ និង មហាសេដ្ឋីបានធ្វើគ្រប់ៗគ្នាដូចអ្វីដែលអ្នកកំពុងធ្វើ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Lifehack
No comments:
Post a Comment