គ្រុឌ

ថ្ងៃនេះយើងនាំគ្នាមកសិក្សាសិល្បៈនៃដូនតាខ្មែរយើង ដែលបានឆ្លាក់និងសាងសង់រូប គ្រុឌជាច្រើន នៅតាមប្រាសាទនានាទាំងអស់គ្នា ។

គ្រុឌ ភាសាសំស្ក្រឹតថា गरुड ឯភាសាបាលីថា គរុឡ गरुड ជាសត្វមានពាក់កណ្តាលជាទេវៈ ។ ក្នុងមហាកាព្យមហាភារតៈនិយាយថា គ្រុឌជាបងប្អូនជាមួយនឹងនាគ ឈ្លោះគ្នារហូត កើតជាសត្រូវនឹងគ្នា ។

ក្រៅពីគម្ពីរមហាកាព្យមហាភារតៈ នៅមានគម្ពីរបុរាណៈ गरुड पुराण បានរៀបរាប់ អំពីស្តេចគ្រុឌ ។

នៅក្នុងគម្ពីរព្រះពុទ្ធសាសនាថេរវាទ បានរៀបរាប់ក្នុងអដ្ឋកថា រឿងវិធុរជាតក ពីនាគ គ្រុឌនេះថា តទា ហិ ពារាណសិយម្បិ គិហិសហាយកា ចត្តារោ ព្រាហ្មណមហាសាលា មហល្លកកាលេ កាមេសុ អាទីនវំ ទិស្វា ហិមវន្តំ បវិសិត្វា ឥសិបព្វជ្ជំ  បព្វជិត្វា អភិញ្ញា ច សមាបត្តិយោ ច និព្វត្តេត្វា វនមូលផលាហារា តត្ថេវ ចិរំ វសិត្វា មានព្រាហ្មណ៍មហាសាល ជាសម្លាញ់នឹងគ្នាបួននាក់ ជាអ្នករស់នៅក្នុងក្រុងពារាណសី ឃើញទោសក្នុងកាមទាំងឡាយ នៅពេលចាស់ ក៏នាំគ្នាចេញទៅបួស ជាឥសី បានសម្រេច ឈាន សមាបត្តិ ហើយបានរស់នៅចិញ្ចឹមជីវិត ដោយមើមឈើផ្លែឈើក្នុងព្រៃអស់កាល ជាយូរ ហើយបាននាំគ្នាចេញពីព្រៃទៅស្វែងរកម្ហូបណាមានរសជាតិជូរប្រៃខ្លះ ក៏បានទៅ ដល់ដែនអង្គរដ្ឋ ក្នុងក្រុងកាលចម្បានគរ ។ មានកុដុម្ពិកបួននាក់ជ្រះថ្លានឹងឥសីនោះ ម្នាក់មួយៗ ហើយទំនុកបម្រុងដោយភត្តាហារ ។ ឥសីទាំងបួននោះ មានអធ្យាស្រ័យទៅ សម្រាក់ទីផ្សេងៗគ្នា ឥសីមួយទៅសម្រាក់នៅភពស្ថានតាវត្តិង្ស ស្ថានព្រះឥន្ទ្រ ឥសីមួយទៀត ទៅសម្រាក់នៅ ស្ថាននាគ ឥសីមួយទៀត ទៅសម្រាក់នៅ ស្ថានគ្រុឌ ឥសីមួយទៀត ទៅសម្រាក់នៅសួន មិគាជិនឧយ្យានរបស់ស្តេចកោរព្យៈ    ដែនកុរុរដ្ឋ ក្រុងឥន្ទបត្ថនគរ ។ កាលឥសីនីមួយៗ តំណាលប្រាប់ពួកកុដុម្ពិកទាំងនោះ កុដុម្ពិកមួយ ជាប់ចិត្តសូមកើតនៅ ស្ថានតាវត្តិង្ស មួយទៀត ជាប់ចិត្តសូមកើត ជាស្តេចនាគ មួយទៀត ជាប់ចិត្តកើតជា ស្តេចគ្រុឌ មួយទៀត ជាប់ចិត្ត សូមកើតឲ្យបានជាស្តេចកោរព្យៈ ដែនកុរុរដ្ឋ ក្រុងឥន្ទបត្ថៈ ។ល។
តាមគតិខ្មែរបុរាណថា គ្រុឌជាស្តេចសត្វបក្សី និងជាពាហនៈរបស់ព្រះនារាយណ៍ ជាប្រក្រតីស្ថិតនៅវិមានសិម្ពលី មានរូបជាមនុស្សពាក់កណ្តាល ជាសត្វឥន្ទ្រីពាក់កណ្តាល ។ គ្រុឌមានឈ្មោះមួយទៀតតាមភាសាបាលីថា សុបណ្ណៈ សំដៅដល់ មានស្លាបល្អ ។ គ្រុឌ ជា សត្វធំ មានអានុភាពនិងមានកម្លាំងមហាសាលរឹងមាំ ហើរបានលឿលរហ័ស ទោះបីសត្វ នាគនៅចម្ងាយ មួយរយយោជន៍ ក៏ស្ទុះដោយកម្លាំងយ៉ាងលឿន អាចចាប់នាគបានដែរ ។ យើងមើលក្នុងរឿងគម្ពីរអដ្ឋកថាព្រះពុទ្ធសាសនាថេរវាទ គឺ ភូរិទត្តជាតក និងចម្បេយជាតក ជាដើម និងឃើញរឿងជាប់ទាក់ទងនាគ និងអានុភាពរបស់សត្វគ្រុឌ រហូតមានមន្តមួយ ប្រភេទដែលជាសត្វគ្រុឌបានបង្រៀនដល់ពួកឥសីដើម្បីការពារនាគ និងបង្ក្រាបសត្វពស់ កាចៗ មានឈ្មោះថា អាលម្ពាយនមន្ត ខ្មែរហៅក្លាយថា អាយមៈពាយ ជាមន្តដ៏ពិសិដ្ឋិដែលបានមកពីពួកស្តេចគ្រុឌដែរ ។

អាចបែងចែកគ្រុឌ បាន ៥ ប្រភេទ

១.ខ្លួនជាមនុស្សយ៉ាងធម្មតា តែមានស្លាប
២.ខ្លួនជាមនុស្ស ក្បាលជាសត្វ
៣.ខ្លួនជាមនុស្ស ក្បាលនិងជើងជាសត្វ
៤.ខ្លួនជាសត្វ ក្បាលជាមនុស្ស
៥.រូបរាងទាំងក្បាល ទាំងខ្លួន ដូចជាសត្វទាំងអស់

គ្រុឌមានឈ្មោះហៅច្រើនយ៉ាង ដូចជា កាឝយបិ វេនតៃយ សុបណ្ណ គរុតមាន សិតាមន៑ រកតបក្ស ឝេវតរោហិត សុវណ្ណកាយ គគនេឝ្វ នាគនាឝនៈ សុរេន្ទជិត ។

No comments: