បណ្ដុះគ្រាប់ល្មើ


#បណ្ដុះគ្រាប់ល្មើ ✍️☺️😘
លើ្មគឺជាដំណាំសេដ្ឋកិច្ចដ៏មានសក្តារនុពលខ្លាំង។ ការដាំល្មើវាមិនលំបាកអ្វីឡើយ ប៉ុន្តែ អ្នកដាំមិនដឹងនិងមិនយល់អំពីបច្ចេកទេសនៃការដាំដុះវាតែប៉ុណ្ណោះ។ ចំណុចសំខាន់គឺ ការជ្រើសរើសពូជ ការជ្រើសរើសដី ការបណ្តុះគ្រាប់ ការផ្សាំកូន ការដាំក្នុងរណ្តៅ ការថែទាំ ការផ្សំលំអងកេសរ និង ការប្រមូលផល។
ចំណុចផ្សេងៗខ្ញុំសុំមិនទាន់និយាយឡើយ គឺនិយាយត្រឹមការបណ្តុះគ្រាប់។ ជាទូទៅ បងប្អូនកសិករមិនទាន់ចេះបណ្តះគ្រាប់ល្មើនៅឡើយ។ ភាគច្រើនគឺបណ្តុះមិនដុះ ហើយបរាជ័យនៅត្រង់នេះ ក៏ទៅទិញកូនដែលគេបណ្តុះស្រាប់មកពីគេ គឺកូនល្មើវាមានតម្លៃថ្លៃណាស់។
សន្មត់ថា បងប្អូនមានគ្រាប់ពូជដែលល្អ គ្រាប់ថ្មីដែលមានអាយុតិចជាង៦ខែ។ យកគ្រាប់ល្មើ ទៅដាក់ត្រាំទឹកអោយបាន៧ថ្ងៃ។ ថ្ងៃដំបូងត្រូវត្រាំដោយទឹកក្តៅឧណ្ហៗដែលមានកំដៅប្រហាក់ប្រហែលនឹង៤០ឬ៤៥ដឺក្រេសេ។ ស្អែកឡើងយើងត្រាំទឹកត្រជាក់ធម្មតា។ មួយថ្ងៃត្រូវដូរទឹកម្តង ហើយលាងសំអាតគ្រាប់វាអោយបានស្អាតអស់ជាតិរំអឹលនៅរៀងរាល់ពេលដែលយើងប្តូរទឹកម្តងៗ។ ក្រោយពីត្រាំគ្រាប់៧ថ្ងៃរួចមក យើងអាចយកគ្រាប់ទៅដាក់កប់ក្នុងធ្យូងអង្កាម ឬស្រកីដូងម៉ដ្ឋ ឬប្រើក្រដាសជូតមាត់ ឬកន្សែងពោះគោក្រាស់ៗក៏បានដែរ ដោយជ្រលក់ទឹកអោយសើមហើយពួតទឹកចេញអោយស្រស់ទឹក។ ដាក់ខ្ចប់គ្រាប់ល្មើឬកប់ក្នុងធ្យូងអង្កាម រួចហើយដាក់ចូលក្នុងធុងដែលមានគំរបបិទជិតកុំអោយខ្យល់ចេញចូល។ អប់ទុកក្នុងប្រអប់នេះ ចំនួន២១ថ្ងៃ។ បើសិនជាសំណើមរបស់វាមិនគ្រប់គ្រាន់ យើងអាចបាញ់ផ្សែងទឹកបន្ថែមទៅក្នុងប្រអប់ឬជ្រលក់កន្សែងសារជាថ្មី ឬស្រោចទឹកទៅក្នុងធ្យូងអង្កាមដែលយើងបានកប់គ្រាប់ល្មើ។ បន្ទាប់ពី២១ថ្ងៃ គឺគ្រាប់ល្មើវានឹងដុះពន្លកចេញជាឬសសៗប្រវែងប្រហែលជា២សង់ទីម៉ែត្រ។ ពេលនេះយើងអាចយកគ្រាប់ល្មើទាំងនេះ ទៅដាក់ផ្សាំនៅក្នុងថង់ផ្សាំដែលមានកំពស់ខ្ពស់ ឬថូរដែលមានជំរៅជ្រៅ ព្រោះឬសរបស់វាគឺវែង។ យើងបន្តថែទាំកូនល្មើអោយបាន១ឆ្នាំឬ២ឆ្នាំ ចាំយើងយកទៅដាក់ដាំក្នុងចំការ។ បើយើងប្រញ៉ាប់យកកូនល្មើនៅតូច យកទៅដាក់ដាំក្នុងចំការលឿនខ្លាំងពេក គឺវាអន់ ក្រិន មិនលូតលាស់ វាចាញ់កំដៅ ស្មៅជាន់ កើតជម្ងឺក្រា សត្វបំផ្លាញ ហើយអាចងាប់។ បើកូនល្មើធំល្អហើយយើងយកទៅដាក់ដាំគឺវាលូតលាស់លឿនហើយឆាប់ចេញផ្លែ ហើយវាប្រើពេល៤ឆ្នាំវានឹងចេញផ្លែ។
✍️✍️ រក្សាសិទ្ធិ នី ណាក់។

No comments: