ភ្នំពេញប៉ុស្តិ៖ ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទ Beeline និងធនាគារ ANZ Royal នាពេលថ្មីៗនេះ បានប្រកាសអំពីការពង្រីកសេវាកម្មបញ្ចូលទឹកប្រាក់ក្នុងគណនីទូរស័ព្ទដៃតាមរយៈបណ្តាញម៉ាស៊ីន ATM នៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងពីរនេះ បានក្លាយជាដៃគូនឹងគ្នាលើសេវាកម្មដ៏មានអត្ថប្រយោជន៍មួយនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុន Beeline បានឲ្យដឹងថា អតិថិជនប្រើប្រាស់បណ្តាញទូរស័ព្ទ Beeline ទាំងអស់ ដែលមានគណនីរបស់ធនាគារ ANZ Royal អាចបញ្ចូលទឹកប្រាក់របស់ពួកគាត់ទៅក្នុងគណនីទូរស័ព្ទដៃ តាមរយៈម៉ាស៊ីន ATM ទាំង ១២៧កន្លែងរបស់ធនាគារ ANZ Royal នៅទូទាំងប្រទេសកម្ពុជា។
លោក Benoit Janin នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Beeline ប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «យើងតែងតែរិះរកមធ្យោបាយជាច្រើន ដើម្បីអតិថិជនកាន់តែងាយស្រួល ក្នុងការបញ្ចូលទឹកប្រាក់ក្នុងគណនីទូរស័ព្ទ»។លោកបានឲ្យដឹងបន្ថែមថា ប្រតិបត្តិករបណ្តាញទូរស័ព្ទដៃមួយនេះ ក៏បានសហការជាមួយធនាគារ ABA និងធនាគារអេស៊ីលីដាផងដែរ ដើម្បីជួយសម្រួលដល់អតិថិជន ដែលប្រើប្រាស់គណនីធនាគារក្រៅពីធនាគារ ANZ Royal៕
No comments:
Post a Comment