កែបញ្ហាចុករួយ ឬផ្សាភ្នែក ៖
-គួរដាក់អេក្រង់កុំព្យូទ័រ ឱ្យឃ្លាតឆ្ងាយយ៉ាងតិច ៦០ស.ម ក្នុងកម្រិតខ្សែភ្នែក។
-គួរយកអេក្រង់កុំព្យូទ័រ ប្រភេទមានការសាយភាយកាំរស្មីតិច។ អាចដឹងបានដោយពេលបិទកុំព្យូទ័រ អគ្គិសនីកម្ម នឹងមានតិច តែបើមានច្រើន ពេលយកដៃទៅដាក់ក្បែរអេក្រង់ នឹងព្រឺរោម។
-សម្រួលពន្លឺឱ្យសមល្មម អាចប្រើបន្ទះការពារពន្លឺ នៅមុខអេក្រង់ អាចជួយបាន។ ពន្លឺភ្លើងដែលចាំងពីក្រោយ អាចធ្វើឱ្យកើតជារូបភាពត្រួតគ្នា នៅនឹងអេក្រង់ ធ្វើឱ្យខូចភ្នែកបាន។
-សម្អាតអេក្រង់របស់កុំព្យូទ័រជានិច្ច។
-មិនគួរនៅមុខកុំព្យូទ័រ យូរជាប់ៗគ្នា លើសពី ១-២ម៉ោង។ គួរសម្រាកខ្សែភ្នែក ត្រឹម ១៥នាទី ឬអាចប្រើក្រណាត់ជ្រលក់ទឹកត្រជាក់ ពូតឱ្យស្ងួត គ្របពីលើភ្នែក ២-៣នាទី ក៏អាចជួយបានច្រើន។
-ចំពោះអ្នកដែលប្រើកញ្ចក់ភ្នែក (Contact Lens) គួរបន្តក់ទឹកភ្នែកសិប្បនិម្មិត ឱ្យបានញឹកញាប់។
កែបញ្ហាឈឺ-ក ឈឺស្មា ៖
-ដាក់អេក្រង់កុំព្យូទ័រនៅចំពោះមុខ ឱ្យសមល្មម មិនខ្ពស់ មិនទាប មិនផ្អៀងឆ្វេង ឬស្តាំ។
-ក្តារចុច (Keyboard) និងម៉ៅស៍ (Mouse) គួរឋិតក្នុងកម្រិតចង្កេះ ឬកម្រិតភ្លៅ ព្រោះបើនៅខ្ពស់ជាងនេះ ពេលប្រើក្តារចុច ឬឧបករណ៍ចង្អុលយូរទៅ ស្មានឹងលើកកាន់តែខ្ពស់ឡើងដោយស្វ័យប្រវត្តិ ធ្វើឱ្យឈឺរួយសាច់ដុំស្មា ឬអាចឈឺតាំងពីដើមដៃ ស្មា រហូតដល់ក។
-ត្រូវសម្រាកប្រើកុំព្យូទ័រ រៀងរាល់ ១-២ម៉ោង។
កែបញ្ហាឈឺខ្នង ៖
-ក្នុងពេលអង្គុយធ្វើការជាមួយកុំព្យូទ័រ គួរអង្គុយលើកៅអីដែលខ្ពស់ល្មម បាតជើងដាក់លើឥដ្ឋបានពេញជើង បើកៅអីខ្ពស់ពេក រហូតដល់ផុតជើង ឬបើទាបពេក ធ្វើឱ្យឈឺរួយបរិវេណត្រគាកបាន។
-អង្គុយឱ្យស៊ប់ ឱ្យកៀកនឹងបង្អែក មិនមែនអង្គុយ ត្រឹមពាក់កណ្តាលកៅអីទេ។
-ខ្នងត្រូវផ្អែកលើបង្អែកកៅអីគ្រប់ពេល។
-ត្រូវសម្រាកពីការប្រើកុំព្យូទ័រ រៀងរាល់ ១-២ម៉ោង៕
ប្រភព៖អង្គរធំមេឌា
No comments:
Post a Comment