ព្រះ​រាជ​ស្នា​ព្រះហស្ត​ភាពយន្ត និង​តន្ត្រី​ របស់សម្តេចតា

ភ្នំពេញៈ ក្រៅ​ពី​ព្រះ​រាជ​កិច្ច​ដ៏​មមាញឹក​ក្នុង​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា ទៅ​កាន់​វឌ្ឍន​ភាព ព្រះ​បាទ​នរោត្តម សីហនុ ត្រូវ​បាន​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ​ដឹង​ថា ព្រះ​អង្គ​ជា​មគ្គុទេ្ទសក៍​សិល្បៈ​(ភាព​យន្ត និង​តន្ត្រី​)​ដ៏​ឆ្នើម​មួយ​ព្រះ​អង្គ​ផងដែរ​។

តាម​រយៈ​ឯកសារ ស្នា​ព្រះហស្ត​ដែល​បន្សល់​ទុក និង​គេហ​ទំព័រ  imdb និង​ casadei.fr បាន​ឲ្យ​ដឹង​ថា ព្រះ​បាទ​នរោត្តម សីហនុ ព្រះ​អង្គ​បាន​រាជ​និពន្ធ​ ផលិត និង​ដឹក​នាំ​ភាពយន្ត​ប្រមាណ​​ជាង​៣០​រឿង ដែល​ភាពយន្ត​របស់​ព្រះ​អង្គ​ភាគ​ច្រើន​ចូល​រួម​សម្តែង​ដោយ ព្រះ​អង្គ​ផ្ទាល់ ព្រះ​​បាទ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផា​ទេវី ជា​បុត្រី និង​ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ ព្រះ​មហាក្សត្រិយ៍ ព្រះ​វររាជ​មាតា នរោត្តម មុនីនាថ សីហនុ។ ក្រៅ​ពី​នោះ​ក៏មាន​ការ​ចូល​រួម​សម្តែង​ពី​តារា​ភាព​យន្ត​ជើង​ចាស់​នៅ​ក្នុង សម័យ​របស់​ព្រះ​អង្គ​ផង​ដែរ។
ភាព​យន្ត​ដ៏​ចំណាស់​របស់​ព្រះ​អង្គ​ ក្រោម​ចំណង ជើង​ថា «អប្សរា» បាន​ផលិត​ឡើង​នៅ​ឆ្នាំ​១៩៦៦ ភាពយន្ត​នេះ​មាន​រយៈ​ពេល​១៥០​នាទី​ចូល​រួម​សម្ដែង​ដោយ​ព្រះ​នាង បុប្ផា ទេវី តារា​សម្ដែង ស័ក្កស៊ី ស្បោង និង​សែរាជវង្ស​ជាច្រើន​អង្គ​ទៀត។

ភាព យន្ត «Ombre sur Angkor» ផលិត​ឆ្នាំ ១៩៦៨: ភាពយន្ត​នេះជា​ព្រះ​រាជ​និពន្ធ ដឹក​នាំ និង​ចូល​រួម​សម្ដែង​ដោយ សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ និង​ព្រះ​មហាក្សត្រិយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ មាន​រយៈ​ពេល​បញ្ចាំង​១១០​នាទី។ ភាពយន្ត​នេះ​ចំណាយ​ថវិកា​ផលិត​អស់​ប្រមាណ ២ម៉ឺន​ដុល្លារ​អាមេរិក។

ភាព​យន្ត «Twilight» ផលិត​ឆ្នាំ​១៩៦៩ ភាព​យន្ត​នេះ​និពន្ធ និង​ដឹក​នាំ​ការ​សម្តែង​ដោយ​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ ផ្ទាល់​មាន​រយៈ​ពេល​បញ្ចាំង​៧៥​នាទី។ Twilight ប្រើ​ប្រាស់​ភាសា​ខ្មែរ និង​បារាំង និង​ចូល​រួម​សម្ដែង​ដោយ​ព្រះ​មហា​វីរក្សត្រ​សម្ដេច ព្រះ​បាទ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រិយ៍ ព្រះ​វររាជមាតា នរោត្តម មុនីនាថ សីហនុ។ ភាពយន្ត​នេះ​ថត​នៅ​ទឹក​ដី​អង្គរ​ ខេត្ត​សៀមរាប និង​ក្រុង​ព្រះសីហនុ។

ភាព ​យន្ត «La Joie de Vivre» ផលិត​ឆ្នាំ ១៩៦៩ ជា​ភាពយន្ត​កំប្លែង​ដែល​និពន្ធ និង​ដឹក​នាំ​ដោយ​សម្ដេច​តា​មាន​រយៈ​ពេល​៦៦​នាទី។ ភាព​យន្ត​នេះ​ថត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ចំណាយ​ថវិកា​អស់​ប្រមាណ ២៥ ០០០ ដុល្លារ​អាមេរិក។

ភាពយន្ត «Rose de Bokor»  ផលិត​ឆ្នាំ​១៩៦៩ និពន្ធ និង​ដឹក​នាំ​សម្តែង​ដោយ​សម្ដេច ព្រះ​​មហា​វីរក្សត្រ នរោត្តម សីហនុ​ មាន​រយៈ​ពេល​៧០​នាទី។ ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ នរោត្តម សីហនុ និង​ព្រះ​មហាក្សត្រិយ៍ ព្រះ​វររាជមាតា នរោត្តម មុនីនាថ សីហនុ បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​នេះ​ដោយ​ផ្ទាល់ និង​អម​ដោយ​សែរាជវង្ស​មួយ​ចំនួន​ទៀត។ ភាពយន្ត​នេះ​បាន​ថត​នៅ​លើ​ភ្នំ​បូកគោ​ ទឹក​ដី​នៃ​ខេត្ត​កំពត។

ភាព​យន្ត «See Angkor and Die» ផលិត​ឆ្នាំ​១៩៩៣ ដឹក​នាំ​សម្តែង​ដោយ​សម្ដេច​តា មាន​រយៈ​ពេល​៨១​នាទី។ ភាពយន្ត​នេះ​រៀបរាប់​ពី​ជីវិត​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ម្នាក់​ដែល​កើត ​ជំងឺ​ធ្ងន់ធ្ងរ និង​មាន​បំណង​វិល​ត្រឡប់​ទៅ​រស់​នៅ​អង្គរវត្ត ​ដើម្បី​ចំណាយ​ពេលវេលា​ចុង​ក្រោយ​របស់​គេ​នៅ​លើ​ទឹក​ដី​អង្គរ។ ប៉ុន្តែ​ភរិយា​របស់​លោក​មិន​ព្រម​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ ក៏​បញ្ជូន​ប្អូន​ស្រី​ជីដូន​មួយ​របស់​នាង​ម្នាក់ ដើម្បី​ទៅ​ជួយ​មើល​ថែ​ស្វាមី​ជំនួស​រូប​នាង។ ក្រោយ​ពី​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​យូរ អ្នក​និពន្ធ​រូប​នេះ​​ ក៏​បាន​ស្រឡាញ់​គ្នា​ជាមួយ​នឹង​បង​ប្អូន​ជីដូន​​មួយ​របស់​ប្រពន្ធ ខ្លួន។

ភាពយន្ត «My Village at Sunset» ផលិត​ឆ្នាំ ១៩៩៤។ តួ​អង្គឯក​ក្នុង​ភាពយន្ត​នេះ គឺ​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ កម្ពុជា​នា​ពេល​បច្ចុប្បន្ន ​គឺ​ព្រះ​បាទ​បរមនាថ នរោត្តម សីហមុនី និង​មហា​ព្រឹទ្ធាចារ្យ​វេជ្ជ​បណ្ឌិត ម៉ី សាមឺឌី។

ភាពយន្ត «Peasants in Distress» ផលិត​ឆ្នាំ ១៩៩៤។ ភាពយន្ត​នេះ​និពន្ធ និង​ដឹក​នាំ​សម្តែង​ដោយ​ព្រះ​ករុណា​សម្ដេច​ព្រះ​មហា​វីរក្សត្រ​សម្ដេច នរោត្តម សីហនុ មាន​រយៈ​ពេល​៧៥​នាទី។ តារា​សម្ដែង​ចូល​រួម​ក្នុង​ភាព​យន្ត​នេះ​មាន​ដូច​ជា អ្នក​នាង កែវ កល្យាណ លោក យុត្ថារ៉ា ឆានី លោក ខៃ ប្រសិទ្ធ និង​លោក ទេព រិនដារ៉ូ។

ភាពយន្ត «An Ambition Reduced to Ashes» ផលិត​ក្នុង​ឆ្នាំ ១៩៩៥។ ការ​និពន្ធ និង​ដឹក​នាំ​ផលិត​ដោយ​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ ​នរោត្តម សីហនុ​។ ភាពយន្ត​នេះ​ចូល​រួម​សម្ដែង​ដោយ​សិល្បករ កែវ កុសល អ្នក​នាង នារី រ័ត្នគន្ធា និង​សិល្បករ ម៉ម សុទ្ធ ។

ភាពយន្ត «The Last Days of Colonel Savath»  ផលិត​ក្នុង​ឆ្នាំ ១៩៩៥។ និពន្ធ និង​ដឹក​នាំ​ដោយ​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ​ដោយ​ផ្ទាល់។ ភាពយន្ត​នេះ​មាន​រយៈ​ពេល ៣៤​នាទី និង​ចូល​រួម​សម្ដែង​ដោយ​តារា​សម្ដែង​ល្បីល្បាញ​របស់​ខ្មែរ​គឺ​លោក គង់ សុភី។

ក្រៅ ​ពី​ភាព​យន្ត​ដែល​បាន​រៀប​រាប់​ខាង​លើ នៅ​មាន​ភាព​យន្ត​ជា​ស្នា​ព្រះហស្ត​ព្រះ​អង្គ​ជា​ច្រើន​ទៀត​ ដែល​មិន​បាន​លើក​យក​មក​បង្ហាញ​។ ភាព​យន្ត​ដែល​ជា​ស្នា​ព្រះ​ហស្តនិពន្ធ និង​ដឹក​នាំ​ផលិត​ដោយ​ព្រះ​អតីត​ព្រះ​មហាក្សត្រ​នេះ ភាគ​ច្រើន​ចាក់​បញ្ចាំង​នៅ​ពេល​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​អង្គ​ផ្ទាល់ ឬ​ក៏​នៅ​ពេល​ពិធី​បុណ្យ​ជាតិ​ធំៗ​។

ក្រៅ​ពី​ស្នា​ព្រះ​ហស្ដភាព​យន្ត ប្រជា​រាស្ត្រ​របស់​ព្រះ អង្គ​ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះបាទ​នរោត្តម សីហនុ ព្រះ​អង្គ​ក៏​ជា​ក្សត្រ​ដែល​មាន​ព្រះ​ជំនាញ​ផ្នែក​តន្ត្រី​មួយ​ព្រះ​អង្គ​ ដែរ ហើយ​តន្ត្រី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ជាង​គេ​គឺ​ ព្យាណូ​។

តាម រយៈ​ស្នាព្រះហស្ត​ដ៏​វិសេស​វិសាល​នេះ សិល្បករ​ខ្មែរ​គ្រប់​រូប រួម​នឹង​ជន​រួម​ជាតិ​កម្ពុជា​ទាំង​មូល​ មិន​អាច​បំភ្លេច​បាន​ឡើយ​ ទោះ​បី​ជា​ព្រះ​អង្គ​យាង​ទៅ​កាន់​ព្រះ​បរម​លោក​ខាង​មុខ​ទៅ​ហើយ​ក្តី​។
គួរ បញ្ជាក់​ថា ព្រះ​ករុណា​ព្រះ​បាទ នរោត្ដម សីហនុ ព្រះវរបិតា​ឯករាជ្យ​ជាតិ ទ្រង់​បាន​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​តុលា ឆ្នាំ ២០១២ ត្រូវ​នឹង​ថ្ងៃ ១៥ រោច ខែ ភទ្រ​បទ​ ឆ្នាំ​រោង ចត្វា​ស័ក វេលា​ម៉ោង ១ និង ២០ នាទី​យប់ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង​ប៉េកាំង សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ដោយ​ព្រះ​ជរាពាធ។ ព្រះ​បរមសព​របស់​ព្រះ​អង្គ​ត្រូវ​បាន​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​មក​កាន់​ រាជធានី​ភ្នំពេញ ​អម​ដំណើរ​ដោយ​ព្រះ​ករុណា​ព្រះ​បាទ​សីហមុនី និង សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន នៅ​ថ្ងៃ​ទី ១៧ ខែ​តុលា វេលា​ម៉ោង ២:៣០ រសៀល។ ការ​ដង្ហែ​ព្រះ​បរមសព​ពី​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ មក​ព្រះ​បរម​រាជវាំង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​បណ្តោយ​ដង​ផ្លូវ​សហព័ន្ធ រុស្ស៊ី បន្ត​មក​ផ្លូវ​ព្រះ​នរោត្តម ដោយ​ឆ្លង​កាត់​តាម​វិមាន​ឯក​រាជ្យ ហើយ​បាន​បញ្ចប់​នៅ​ម៉ោង ៥:៣០ ល្ងាច ដោយ​មាន​ប្រជានុរាស្ត្រ​ជា​កូន​ចៅ ចៅ​ទួត​របស់​ព្រះ​អង្គ​ចូល​រួម​ប្រមាណ​ជា​១​លាន​នាក់​មក​ចាំ​ដង្ហែ​ដែល​ មាន​ទាំង​បព្វជិត និង គ្រហស្ថ។ ព្រះ​បរមសព​របស់​ទ្រង់​ត្រូវ​បាន​តម្កល់​ទុក​នៅ​ព្រះ​បរម​រាជ​វាំង​យ៉ាង​ តិច ៣ ខែ។
ប្រទេស​កម្ពុជា​ទាំង​មូល​បាន​កាន់​ព្រះ​បរម​ទុក្ខ​រយៈ​ពេល​ ៧​ ថ្ងៃ​ ហើយ​គេ​សង្កេត​ឃើញ​ប្រជា​ជន​កម្ពុជា​ទាំង​អស់​បាន​គោរព​ប្រណិប័តន៍កាន់​ព្រះ បរម​ទុក្ខ​នេះ​ជាមួយ​នឹង​ក្តី​រន្ធត់ សោយ​សោក​ អាឡោះ​អាល័យ​គ្រប់ៗ​គ្នា​ ជា​ពិសេស​មាន​អ្នក​មក​អុជ​ធូប​កាន់​ទុក្ខ​មុខ​ព្រះ​បរម​រាជ​វាំង​រៀងរាល់ ថ្ងៃ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ

No comments: