បើដឹងថា ខ្លួនជាមនុស្សមានឥទ្ធិពលដូច្នេះ ចុះហេតុអ្វីបានជា តារាកំប្លែងមួយចំនួន សម្តែងសឹងតែគ្រប់រឿង តាមរបៀបអសីលធម៌ ពាលាអាវាសែ បំពុលសង្គមទៅវិញ? ហេតុអ្វីបានជាក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ ធ្វើមិនដឹងមិនឮចំពោះរឿងនេះ?
ឥឡូវនេះ មានឪពុកម្តាយអ្នកទីក្រុងខ្លះ ឲ្យតែឃើញក្រុមកំប្លែងនាយក្រឹម នាយកុយ និងនាយសាន់ម៉ៅ អើតកចេញមកតាមកញ្ចក់ទូរទស្សន៍ភ្លាម គឺបិទមិនឲ្យកូនៗគាត់មើលតែម្តង ព្រោះពួកគាត់ខ្លះ ធ្លាប់មានបទពិសោធពេលកូនគាត់បានឃើញកាលពីការសម្តែងយកដបទឹក សុទ្ធវាយក្បាលគ្នា គឺបន្ទាប់មកកូនគាត់យកដបទឹកសុទ្ធវាយក្បាលគាត់ដែរ។
មក ដល់ពេលនេះ ការសម្តែងការប្រើហិង្សាតាមរយៈពាក្យសម្តីកាយវិការ ការជេរប្រមាថមើលងាយ ប្រើពាក្យអាមឹងដាច់សាច់និងប្រើពាក្យចម្អេះចំអាសរបៀបដៀមដាម ផ្លូវភេទនៅតែមាន។
ឧទាហរណ៍៖ នាយក្រឹមជាតារាកំប្លែងសម្បូរទៅដោយរឿងអាស្រូវ។ គាត់ធ្លាប់បានប្រើពាក្យប្រមាថទៅលើកម្មករ រោងចក្រ កាលពីគាត់សម្តែងជាមួយនាយកុយ និងអ្នកនាង សំ ប៉ូលីដា នៅប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ។ កាលណោះ នាយក្រឹម និងប៉ុស្តិ៍លេខ ៣ ទទួលរងការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់កម្មកររហូតដល់កម្មវិធីនោះ ត្រូវបានបិទចោលតែម្តង។ នាយក្រឹមធ្វើព្រងើយ មិនខ្ចី សុំទោស ហើយក៏គ្នាននរណាហ៊ានធ្វើអ្វីនាយក្រឹមដែរ។ តើមានខែលអ្វីនៅពីក្រោយ អ៊ូ ប៊ុណ្ណារ៉ាត់ ហៅក្រឹម? នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ហង្សមាស កម្មវិធីតន្ត្រីលើទឹកកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅនេះរឿង «កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់!» ដែលសម្តែងដោយក្រុមនាយក្រឹម។ តួអង្គកូនស្រីយាយ«ឆយ» ជាអ្នកលក់ផ្កាឈូកពេលបុណ្យភ្ជុំបិណ្ឌគាត់លក់ផ្កាឈូកទៅឲ្យយាយ «យ៉យ»ថា៖«អាក្រពុំក៏១ម៉ឺនអារីកស្ញាញក៏ ១ម៉ឺនដែរ!»យាយ«យ៉យ» ក៏ពោលពាក្យទៅវិញ ថា៖«កុំថែម អារីកស្ញាញទៀត អាញ់មិនចូលចិត្តទេវ៉ឺយ!»។ ឃ្លាទាំងនេះ គឺដៀមដាមផ្លូវភេទស្រីដាក់គ្នា។
ហេតុអ្វីខ្លួនជាស្រ្តី ហើយខំប្រឹងហែកកេរ្តិ៍ខ្មាសខ្លួនឯងដាក់គ្នាម៉្លេះ?ឬមួយក៏ កំប្លែងចេះតែហែកកេរ្តិ៍គ្នាប៉ុណ្ណឹងទេ?
នៅលើកញ្ចក់ ទូរទស្សន៍ប៉ុស្តិ៍បាយ័ន បានសម្តែងកម្មវិធីភ្ជុំបិណ្ឌកាលពីថ្ងៃទី ១៣ តុលា សម្តែងដោយក្រុមនាយកុយ។ ក្នុងមួយសាច់រឿងគឺខិតខំតែបង្ហាញសកម្មភាពហិង្សាទាំងពាក្យ សម្តី និងទាំងកាយវិការ ពីដើមរហូតដល់ចប់។...កូនបង្កើតរបស់នាយកុយ បានដើរតួប្តីយាយខ្លីបានពោលពាក្យគំរោះគំរើយទៅយាយខ្លីថា៖« អឺខ្លី!» យាយខ្លីឆ្លើយថា៖«ចាសបង!» កូនប្រុសនាយកុយបន្ថែមទៀតថា៖«ល្ងង់ណាស់ៗ ល្ងង់អ៊ើយល្ងង់ ឯងនៅផ្ទះធ្វើអី? យាយខ្លីឆ្លើយថា៖«ហើយវាថី?»...យាយខ្លីក៏បានយកថាស បាយមកបក់ឲ្យប្តីនិងមិត្តភក្តិប្តីកំពុងតែផឹកស៊ី។ តែយាយខ្លីឆ្លៀតឱកាសយកថាសបាយនោះវាយក្បាលទាំងប្តី ទាំងមិត្តភក្តិប្តី។ សរុបមកវិញ បើប្រៀបធៀបការកំប្លែងនៅស្រុកខ្មែរ និងការកំប្លែងស្រុកគេវិញ គឺខុសគ្នាស្រឡះគឺគេកំប្លែងបែបស្ងួតហើយងាយយល់ទៀត បែបរិះគន់ទៅនឹងសង្គមជាក់ស្តែង។ ឧទាហរណ៍៖ តារាកំប្លែងសាក់ឡូ បានសម្តែងកំប្លែងស្ងួតមិនប្រើសំឡេងដ៏ល្បីមួយនៅអាមេរិក ដែលបង្ហាញពីអ្នកធ្វើការនៅក្នុងរោងចក្រចាប់ខ្ចៅម៉ាស៊ីនម្នាក់ នៅពេលដែលចេញក្រៅរោងចក្រហើយក៏ដោយក៏គាត់ដើរទៅចាប់ខ្ចៅមនុស្ស ទៅវិញ។ នេះបញ្ជាក់ថា នៅស្រុកអាមេរិកគឺម្នាក់ៗគិតតែពីរឿងធ្វើការងារ ធ្វើការចង់ឆ្កូត។
ហេតុ អ្វីបានការសម្តែងកំប្លែងស្រុកខ្មែរសព្វថ្ងៃនេះ ចូលចិត្តតែបង្រៀននូវអ្វីៗ ដែលអាក្រក់ៗដល់សង្គម?ជារឿយៗឮសូរក្មេងៗ យុវវ័យយកពាក្យអាមឹងរបស់នាយក្រឹម និងនាយក្តិបមកប្រើដូចជា ការចង្អុលមុខគ្នាហើយនិយាយថា៖«អូ! ហ្អែង! អាយ៉ះក្បាលឥឡូវហ្អែង!...»អ៊ីចឹងហើយបានជាថា ពួកគេមានឥទ្ធិពលខ្លាំងណាស់នៅក្នុងសង្គម ប្រសិនបើពួកអ្នកសម្តែងនាំទៅរកផ្លូវល្អ គឺនាំសង្គមទៅរកផ្លូវល្អ តែបើការសម្តែងនាំទៅអាក្រក់គឺនាំមនុស្សឲ្យប្រព្រឹត្តរបៀប អសីលធម៌ផងដែរ។ សំណួរនៅតែសួរថា បើឃើញអំពើអវិជ្ជមានទាំងនេះហើយហេតុអ្វីបានជារាជរដ្ឋាភិបាលនៅ តែធ្វើមិនដឹងមិនឮ? តែផ្ទុយទៅវិញ ប្រសិនបើប្រព័ន្ធព័ត៌មានណាដែលលើកស្ទួយពីសិទ្ធិមនុស្សវិញឲ្យ តែសរសេរស្រួលមិនស្រួលហ្នឹង គឺរាជរដ្ឋាភិបាល ឲ្យចេញសេចក្តីបំភ្លឺ ឬហៅទៅព្រមានឥឡូវហ្នឹង ដូចកាលពី២សប្តាហ៍ថ្មីៗវិទ្យុវីអូអេ និងអាស៊ីសេរី ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញទៅសាកសួរជីកឫស ជីកគល់អំពីបេសកម្ម និងការផ្សព្វផ្សាយរបស់ខ្លួន។ តែចំពោះការកំប្លែងបែបទំនើងអីទំនើងទៅ ក៏ក្រុមប្រត្តិកម្មរហ័ស មិនទៅឈឺក្បាលវិលមុខជាមួយទេ លែងរហ័ស ហើយទៅជាស្ពឹកទៅវិញ។ ឯក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ គឺដេកលក់បាត់ទៅហើយមិនខ្វល់ខ្វាយទេ។
បើរាជរដ្ឋាភិបាល នៅតែមិនហៅអ្នកកំប្លែងអសីលធម៌ទាំងនោះមកដោះស្រាយបញ្ហា តម្រង់ទិសទេ គឺសីលធម៌នៅក្នុងសង្គមខ្មែរនៅតែធ្លាក់ចុះកែមិនឡើងទេហើយ អំពើហិង្សាក៏នៅតែមានដូចការសម្តែងកំប្លែងអ៊ីចឹង។
អត្ថបទ៖ តុង សុប្រាជ្ញ, ភ្នំពេញប៉ុស្តិ
No comments:
Post a Comment