ទប់នឹងចំណង់សម្ភាះនិយម


”សូម​អញ្ជើញ​ជាវ​នេះ​ សូម​អញ្ជើញ​ជាវ​នោះ” ​ទាំង​នេះ​សុទ្ធ​ជា​អ្វី​ដែល​អ្នក​បាន​ឮ​​តាម​រយៈ​ការ​ប្រកាស​ ឬ​តាម​ក្រដាស​ផ្សព្វផ្សាយ​គ្រប់​ទិសទី​​ទាំង​​ក្នុង​ទូរទស្សន៍ ​វិទ្យុ ​​អ៊ីនធឺណិត ​និង​មជ្ឈដ្ឋាន​ខាង​ក្រៅ​ផ្ទាល់។ ​នៅ​ពេល​ដែល​ឃើញ​រូបភាព​ និង​ការ​ពិពណ៌នា​ពី​ផលិតផល​ថ្មីៗ​​ដូចជា​ ទូរស័ព្ទ ​កុំព្យូទ័រ​ ម៉ូតូ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ហើយ ​អ្នក​ដែល​​​ចូលចិត្ត​​សម្ភារៈនិយម​តែង​មាន​ចំណង់​ចង់​បាន​របស់​នោះ​ភ្លាមៗ​ ​ដោយ​មិន​បាន​ឆ្លៀត​ពេល​ពិចារណា​ ថា ​តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​បន្ទាប់។ ​​ការ​សម្រេច​ចិត្ត​ភ្លាមៗ​ដោយ​មិន​បាន​គិត​ពិចារណា​ល្អិតល្អន់​នេះ​ហើយ​ ដែល​ជា​រឿយៗ​តែង​ធ្វើ​ឲ្យ​យើង​ខាត​បង់​ទាំង​ថវិកា ​ពេលវេលា ​និង​កម្លាំង​ចិត្ត​ជាយថាហេតុ។
ដូច្នេះ ​តើ​មាន​វិធី​ណាមួយ​ដែល​អាច​ឲ្យ​យើង​គេច​ចេញ​ពី​សម្ភារៈនិយម​ដែល​មនុស្ស​ ភាគច្រើន​​កំពុង​ក្លាយ​ជា​ជនរងគ្រោះ​ដែរ​ឬ​ទេ? ​ខាងក្រោម​ជា​គន្លឹះ​ខ្លីៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​គេច​ចេញ​ពី​សម្ភារៈនិយម​ បាន៖
មិន​ត្រូវ​ឲ្យ​លុយ​គ្រប់គ្រង​អ្នក​ទេ
ក្នុង​ន័យ​នេះ​​មាន​ន័យ​ថា ​មិន​ត្រូវ​ចាយវាយ​ដោយ​ខ្ជះខ្ជាយ​លើ​អ្វី​ដែល​មិន​ចាំបាច់។ ​ការ​ចាយវាយ​លើ​អ្វី​ដែល​មិន​ចាំបាច់​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ខ្លួន​ទៅ​ជា ​កូន​បំណុល​របស់​គេ ​ឬ​ត្រូវ​លុយ​គ្រប់គ្រង​អ្នក​វិញ។ ​សាក​គិត​ពី​ការ​ធ្វើ​អ្វី​ដែល​ប្រសើរ​ដូចជា​ ការ​បរិច្ចាគ​ដល់​ជន​ក្រីក្រ ​ឬ​អ្នក​ដែល​មាន​វាសនា​ទាប​ជាង​​យើង។ ​នៅ​ពេល​ដែល​អ្នក​ចង់​បាន​អ្វី​ ចូរ​គិត​ដល់​មនុស្ស​ដែល​មាន​វាសនា​មិន​ល្អ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ។
​​កាត់​បន្ថយ​ការ​មើល​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្មីៗ​​តាម​កញ្ចក់​ទូរទស្សន៍ ​កាសែត​ និង​ទស្សនាវដ្ដី
ការ ​ធ្វើ​ដូច​ខាង​លើ​អាច​ជួយ​កាត់​បន្ថយ​ចំណង់​ចង់​បាន​ផលិតផល​ទាំង​នោះ​បាន។ ​បន្ថែម​ពី​នេះ​ អ្នក​អាច​យក​ពេល​វេលា​នោះ​មក​អាន​សៀវភៅ ​ជួប​ជាមួយ​មនុស្ស​ល្អៗ​ដើម្បី​ជជែក​ ទទួល​យក​បទពិសោធន៍​វិញ​ល្អ​ជាង​ការ​ធ្វើ​ឲ្យ​ហោប៉ៅ​របស់​អ្នក​រីង​ស្ងួត។
​មិន​ត្រូវ​ទៅ​ដើរ​ផ្សារ​ទំនើប​នៅ​ពេល​ទំនេរ​ច្រើន​នោះ​ទេ
​ប្រសិន​បើ​អ្នក​មាន​ពេល​ច្រើន​មិន​ដឹង​ធ្វើ​អ្វី​ អ្នក​មិន​គួរ​ទៅ​ដើរ​ផ្សារ​មើល​អីវ៉ែអីវ៉ាន់​នោះ​ទេ​​ ព្រោះ​ថា​ “គ្រាន់​តែ​ការ​ដើរ​មើល” ​នេះ​ក៏​អាច​បញ្ឆេះ​អារម្មណ៍​របស់​អ្នក​ឲ្យ​ចង់​បាន​របស់​នេះ​ របស់​នោះ​បាន​ដោយ​ងាយ​ដែរ។ ​​បើ​មាន​ពេល​ច្រើន​មិន​ដឹង​ធ្វើ​អី ​អ្នក​អាច​​ទៅ​មើល​កុន ​ទៅ​សារមន្ទីរ ​ជិះកង់​ហាត់​ប្រាណ ​ឬ​ទៅ​បណ្ណាល័យ​ជាដើម។ ​ចូរ​ចំណាយ​ពេល​ធ្វើ​អ្វី​ដែល​បង្កើន​ភាព​រឹងមាំ​ទាំង​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត។
​សរសេរ​ដាក់​ក្រដាស​ រៀងរាល់​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ចង់​បាន​អ្វី​មួយ
​ ត្រូវ​សរសេរ​ដាក់​ក្រដាស​ រៀងរាល់​ពេល​អ្នក​ចង់​បាន​អ្វី​ខ្លាំង ​នឹង​អាច​ជួយ​គ្រប់គ្រង​អាកប្បកិរិយា​របស់​អ្នក។ ​​ត្រូវ​ចាំ​ថា ​មិន​ថា​ ពេល​អ្នក​ទិញ​អ្វី​តាម​សន្ទុះ​ចិត្ត​ ​ការ​ទទួល​សម្ពាធ​ពី​មិត្តភ័ក្ដិ​ ​ការ​ទិញ​ដើម្បី​ឲ្យ​សប្បាយ​ចិត្ត ​ទាំង​អស់​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ញៀន​ដោយ​មិន​ដឹង​ខ្លួន។ ចំណុច​ចាំបាច់​ដែល​អ្នក​ត្រូវ​យល់​ដឹង​គឺ​ត្រូវ​ស្វែង​យល់​ពី​ឫសគល់​នៃ​ បញ្ហា និង​ព្យាយាម​ដោយ​ស្រាយ​​ដោយ​សរសេរ​វា​ចេញ​មក​ក្រៅ។ ​​នៅ​ពេល​ដែល​អ្នក​ដឹង​​ពី​ពេលវេលា​ និង​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ទិញ​សម្ភារៈ​ទាំង​នោះ ​វា​នឹង​អាច​ជួយ​អ្នក​ឲ្យ​ស្វែង​រក​ដំណោះស្រាយ​ដ៏​ប្រសើរ​ដើម្បី​កាត់​បន្ថយ ​ចំណង់​របស់​អ្នក។
​​សួរ​ខ្លួន​ឯង​ថា ​តើ​វា​ចាំបាច់​សម្រាប់​អ្នក​ឬ​ទេ?
មុន​នឹង​ទិញ​អ្វី​មួយ​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​តើ​អ្នក​ពិតជា​ត្រូវ​ការ​វា​ឬ​យ៉ាង​ណា? ​​ត្រូវ​ចាំ​ថា ​ការ​បណ្ដោយ​ឲ្យ​សន្ទុះ​ចិត្ត​មួយ​ពេល​គ្រប់គ្រង​លើ​អ្នក​ អាច​ឲ្យ​អ្នក​ចាយវាយ​ដោយ​ខ្ជះខ្ជាយ។ ​ឧទាហរណ៍​ ​អ្នក​​ទើប​ទិញ​​ iPhone 4S មួយ​គ្រឿង​ ពីរ​ខែ​ក្រោយ​មក​ស្រាប់​តែ​ចេញ​ម៉ូដែល​ថ្មី​ដូចជា iPhone 5​ ជា​ដើម។ ​ភ្លាម​នោះ​អ្នក​ចង់​ដូរ​ភ្លាម។ នៅ​ពេល​នេះ​ អ្នក​អាច​សួរ​ខ្លួន​ឯង​ថា ​តើ​ការ​ប្ដូរ​ផ្ដល់​ផល​ចំណេញ​ប៉ុណ្ណា​ដល់​អ្នក ​ហើយ​តើ​អ្នក​នឹង​ប្រើប្រាស់​​ម៉ូដែល​ថ្មី​លើស​ពី​​អ្វី​ដែល​អ្នក​កំពុង​ ប្រើប្រាស់​ដែរ​ឬ​ទេ?
​​បូក​សរុប​របស់របរ​អ្វី​ដែល​អ្នក​មិន​ប្រើ​ក្នុង​ពេល​ឥឡូវ
អ្នក​អាច​សាក​បូក​សរុប​ត្រួស​ៗ​ទឹកប្រាក់​ដែល​អ្នក​បាន​ចំណាយ​លើ​វត្ថុ​ ជុំវិញ​ខ្លួន​អ្នក​ដែល​ពេល​នេះ​អ្នក​មិន​ប្រើប្រាស់​ផង។ ​នៅ​ពេល​ដែល​អ្នក​ឃើញ​ចំនួន​ទឹកប្រាក់​ទាំង​នេះ​ហើយ ​អ្នក​នឹង​បាន​ដឹង​ថា ​តើ​អ្នក​ខ្ជះខ្ជាយ​ប៉ុណ្ណា​ទៅ​លើ​វត្ថុ​ទាំង​នោះ​ក្នុង​ពេល​កន្លង​មក។
​ ​សង្ឃឹម​ថា ​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​អាច​ជួយ​ដល់​មិត្ត​អ្នក​អាន​ដែល​ជា​ជន​ រងគ្រោះ​នៃ​សម្ភារៈនិយម​ឲ្យ​គេច​ចេញ​ឆ្ងាយ​ពី​បរិបទ​នេះ។ ​ចុះ​ប្រិយមិត្ត​មាន​អ្វី​ ចង់​បន្ថែម​ក្រៅ​ពី​នេះ​ដែរ​ឬ​ទេ?
ប្រភព៖​ សប្បាយ

No comments: